ដើម្បីការពារពីជំងឺផ្សេងៗ ដែលបណ្ដាលពីវីរុស វិធីមួយអ្នកត្រូវពង្រឹងលក្ខខណ្ឌសុខភាពឲ្យបាន មាំទាំ។ ដូច្នេះ ហើយការពង្រឹងប្រព័ន្ធសុខភាពបានល្អ ដាច់ខាតស្របតាមភាពត្រឹមត្រូវ និងវិទ្យាសាស្ត្រ ផងដែរ។

ការបង្កើនភាពធន់ដល់ប្រព័ន្ធភាពស៊ាំ ជួយបានច្រើនមិនឲ្យរាងកាយងាយឈឺ ឬវាយលុកបានពីវីរុសផ្សេងៗ។ ដូច្នេះ ហើយការហូបអាហារមានជីវជាតិពិតជាសំខាន់ណាស់។ ម្ល៉ោះហើយអាហារ ចាំបាច់ ដែលផ្ទុកវីតាមីន C វីតាមីន A រួមទាំងសង្ក័សី ប៉ូលីហ្វេណុល មានមុខងារប្រឆាំងបាក់តេរី និងទ្រទ្រង់ ប្រព័ន្ធភាពស៊ាំមិនឲ្យជំងឺវាយលុកបានស្រួលៗ។ ក្នុងនោះរួមមានផ្លែឆឺរី ក្រូច ទំពាំងបាយជូ ម្ទេសហាវៃ ផ្លែត្របែក ព្រមទាំងបន្លែបៃតងដែលសម្បូរដោយវីតាមីន C និង E ជួយបង្កើនប្រព័ន្ធភាពស៊ាំដល់រាង កាយយ៉ាងខ្លាំងក្លា។ បន្ថែមពីនេះ ដូចជាទឹកដោះគោស្រស់ ស៊ុត គ្រឿងសមុទ្រ ក៏សម្បូរដោយវីតាមីន D ជួយការពារ និងកំណត់ការឆ្លងមេរោគផ្លូវដង្ហើមផងដែរ។ លើសពីនេះ គ្រាប់ធញ្ញជាតិរួមមាន គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ស្វាយចន្ទី គ្រាប់វាល់ណាត់ ជាដើម សុទ្ធសឹងសម្បូរជាតិសង្ក័សី និងប៉ូលីហ្វេណុល ។ ដែលទាំងនេះ ក៏មាននាទីសំខាន់ឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អផងដែរ។

ដូច្នេះ នៅពេលរាងកាយពេញដោយជីវជាតិ ហើយពួកយើងក៏មានប្រព័ន្ធភាពស៊ាំល្អ និងអាច ប្រយុទ្ធប្រឆាំងនឹងវីរុសកាចសាហាវបាន ៕