CAMSOC-ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងពីរលើក កាលពីដើមខែ និងពាក់កណ្តាលខែមីនា ឆ្នាំ២០២១ បានអះអាងបញ្ជាក់ពីការពិតនៃសុខភាពរបស់ខ្លួនម្នាក់ៗ គឺក្រោយការចាក់វ៉ាក់សាំងនេះ មិនមានផលប៉ះពាល់ដល់សុខភាព និងមិនធ្វើឲ្យរងផលប៉ះពាល់ ដល់ការហ្វឹកហាត់ត្រៀមការប្រកួតនានានោះទេ ផ្ទុយទៅវិញវាបានផ្តល់ជំនឿចិត្តកាន់តែខ្ពស់ និងបន្តការចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនព្រមជាមួយគ្នាផងដែរ។
ខាងក្រោមនេះគឺជាការអះអាងបញ្ជាក់ការពិតនៃសុខភាពរបស់កីឡាករ កីឡាការិនីជម្រើសជាតិនៃប្រភេទកីឡាមួយចំនួន នៅក្នុងចំណោមកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡាជាង១០០០នាក់ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនពីរលើករួចរាល់នាពេលកន្លងមក៖
កីឡាករជម្រើសជាតិប៉េតង់ សុខ ចាន់មាន ម្ចាស់មេដាយមាសជើងឯកពិភពលោក ២០១៦ បានបញ្ជាក់ពីការចាក់វ៉ាក់សាំងនេះថា «សម្រាប់ខ្ញុំ អត់អីផង សុខភាពខ្ញុំធម្មតាទេ។ វាមិនប៉ះពាល់ដល់សុខភាពទេ ហើយក៏មិនប៉ះពាល់ដល់ការហ្វឹកហាត់របស់ខ្ញុំដែរ។ ខ្ញុំបានចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌយោធា ចំនួន២លើករួចមកហើយដែរ ដែលបច្ចុប្បន្នបានធ្វើឲ្យខ្ញុំកាន់តែមានទំនុកចិត្តខ្ពស់ ហើយខ្ញុំជឿជាក់ថា ក្រោយការចាក់វ៉ាក់សាំងនឹងជួយធ្វើឲ្យមានសុវត្ថិភាពកាន់តែខ្ពស់ ប៉ុន្តែយើងនៅតែបន្តអនុវត្តវិធានការសុខាភិបាលខ្ជាប់ខ្ជួនដដែល។ ប្រសិនបើអត់បានចាក់វ៉ាក់សាំង គឺយើងនឹងមានអត្រាការឆ្លងជំងឺកូវីដ-១៩ខ្ពស់ និងគ្រោះថ្នាក់ខ្លាំងណាស់។ ខ្ញុំពិតជាថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលបានយកចិត្តទុកដាក់ផ្តល់ការចាក់វ៉ាក់សាំងដល់ក្រុមជម្រើសជាតិកម្ពុជា»។
កីឡាករជម្រើសជាតិតេក្វាន់ដូ ITF ប៉ាល់ ជីវ័ន្ត ម្ចាស់មេដាយមាសជើងឯកពិភពលោក ២០១៩៖ «ខ្ញុំទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២រួចរាល់យូរដែរហើយ តាំងពីថ្ងៃទី១៧ ខែមីនាមក ដោយសុខភាពខ្ញុំរាល់ថ្ងៃគឺធម្មតា។ ក្រោយការចាក់វ៉ាក់សាំងទាំងពីរលើករួចមក មិនមានផលប៉ះពាល់ដល់សុខភាពខ្ញុំទេ ហើយអាចហ្វឹកហាត់បានធម្មតា ក្រោយពីការចាក់បាន៣ថ្ងៃ។ ខ្ញុំមានទំនុកចិត្តកាន់តែខ្ពស់ ប៉ុន្តែខ្ញុំនៅតែបន្តការអនុវត្តវិធានការ៣កុំ ៣ការពារដដែល។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់កីឡាករ កីឡាការិនី និងប្រជាជនទូទាំងប្រទេស។ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំស្ថាប័នកីឡាទាំងអស់»។
កីឡាករជម្រើសជាតិកាយសម្ព័ន្ធ ង៉ែត តុលា លើកឡើងថា «ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលទទួលបានការចាក់វ៉ាក់សាំងរួចលើកទី១ កាលពីថ្ងៃទី២ ខែមីនា និងលើកទី២ កាលពី១៦ខែមីនា។ ក្រោយការចាក់តាំងពីដើមខែមីនារហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ គឺសុខភាពខ្ញុំនៅល្អ និងហ្វឹកហាត់ជាប់ជាប្រចាំ មិនមានអ្វីកើតឡើងជាបញ្ហានោះទេ។ ខ្ញុំពិតជាមានសេចក្តីត្រេកអរជាខ្លាំង ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីកីឡា កីឡាករ កីឡាការិនីទាំងអស់ កន្លងមកនេះ»។
កីឡាការិនីប៉េតង់ ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយមាស (ក្រុម) ស៊ីហ្គេម ២០១៩៖ «នាងខ្ញុំបានចាក់រួចរាល់(លើកទី២) កាលពីថ្ងៃទី២៣ ខែមីនា ដោយកាលពីចាក់លើកទី១ និងលើកទី២ គ្មានប៉ះពាល់អ្វីដល់សុខភាពនោះទេ គ្រាន់តែថ្ងៃទី១ និងថ្ងៃទី២ឈឺក្បាល និងក្តៅខ្លួនបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីថ្ងៃនោះមកសុខភាពនាងខ្ញុំល្អធម្មតា។ បច្ចុប្បន្នក្រុមនាងខ្ញុំមិនទាន់ប្រមូលផ្តុំហ្វឹកហាត់នៅឡើយទេ ដោយសម្រាកនៅផ្ទះ និងចូលរួមការពារតាមវិធានការសុខាភិបាល»។
កីឡាការិនីជម្រើសជាតិកីឡាទ្រីយ៉ាត្លុង ថន សុម៉ាវត្តី បញ្ជាក់ថា «នាងខ្ញុំបានចាក់វ៉ាក់សាំងលើកទី១ កាលពីថ្ងៃទី២ និងលើកទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលចាប់តាំងពីចាក់រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ មិនមានបញ្ហាប្រតិកម្មអ្វីទាំងអស់។ ក្រោយការចាក់ទាំងពីរលើក រយៈពេល៤-៥ថ្ងៃ គឺនាងខ្ញុំបានបន្តការហ្វឹកហាត់ជាប់ជាប្រចាំនៅផ្ទះរបស់នាងខ្ញុំឡើងវិញ (រំសាយការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ) ហើយសុខភាពរបស់នាងខ្ញុំល្អមាំមួនធម្មតា។ នាងខ្ញុំសូមគោរពថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ក្រុមកីឡាករ កីឡាការិនីកម្ពុជា។ ក្នុងនាមជាកីឡាការិនីជម្រើសជាតិ នាងខ្ញុំសូមឲ្យបងប្អូនចូលរួមគោរពវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា»៕
ប្រភព: Cambodia SEA GAMES 2023