បរទេស៖ ដោយសារ ប្រទេសជាតិកំពុង​ស្ថិតក្នុងហានិភ័យពីការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ មានសភាពស្រួចស្រាវនៅឡើយ ទើបអាជ្ញាធរ​ឥណ្ឌូនេស៊ី កាលពីនៅថ្ងៃ​ទី​៨ ខែមេសាឆ្នាំ២០២១ ​បានប្រកាសហាមឃាត់ការធ្វើដំណើរ ក្នុងប្រទេស នាអំឡុង​​ពិធីបុណ្យប្រពៃណីមូស្លីម​ ( Eid al-Fitr) ដែលតាមទម្លាប់ គឺប្រារព្ធធ្វើនៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានផ្សាយថា ឥណ្ឌូនេស៊ីជាប្រទេស​មានប្រជាពលរដ្ឋ​កាន់សាសនាអ៊ិស្លាមច្រើនជាងគេបំផុត នៅលើពិភពលោក។ ប្រជាពលរដ្ឋ នៃប្រទេសនេះ កំពុងតែត្រៀមរៀបចំ ទទួលខែដ៏ពិសិដ្ឋ នៃបុណ្យរ៉ាម៉ាដាន នាសប្តាហ៍ក្រោយនេះ ហើយក៏ចំពេល​ប្រទេសនេះរកឃើញការឆ្លងកូវីដ១៩ ជាប្រចាំថ្ងៃ មានចំនួនរាប់ពាន់។

អាជ្ញាធរឥណ្ឌូនេស៊ី បានសម្រេច​ហាមឃាត់ការធ្វើដំណើរ តាមផ្លូវសមុទ្រ ដីគោក ផ្លូវអាកាស និងផ្លូវដែក សម្រាប់ថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី​៦ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ ក្រៅពីនេះ អាជ្ញាធរថែមទាំង​​ហាមឃាត់ការធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ ឬញាតិមិត្ត នៅក្នុងអំឡុងខែបួស «រ៉ម៉ាឌន» ដែលស្គាល់ជាភាសាជាតិឥណ្ឌូនេស៊ី «mudik»។

អាជ្ញាធរឥណ្ឌូនេស៊ី បានបញ្ជាក់ថា ប្រសិនបើមិនមានវិធានការទប់ស្កាត់ជាមុនទេ គឺ​ថ្ងៃឈប់សម្រាកនេះ អាចនាំឲ្យមានការកើនឡើងនូវចំនួនអ្នកស្លាប់ និងឆ្លងកូវីដថ្មីកាន់តែច្រើនឡើងបន្ថែមទៀត។ ដោយសារការព្រួយបារម្ភបែបនេះ ទើបអាជ្ញាធរបញ្ជាឲ្យ​សន្តិសុខនៅតាមព្រំដែន ​ត្រូវ​តែរឹតបន្តឹង។ ទោះជាយ៉ាងបម្រាមនេះ ក៏មានការលើកលែងដល់អ្នកការទូត អ្នកជាប់បេសកកម្មសំខាន់ៗ ដែលមានលិខិតស្នាមច្បាស់លាស់ពីអាជ្ញាធរ ឬការធ្វើដំណើរទៅជួបសមាជិកគ្រួសារមានឈឺធ្ងន់ផងដែរ។​

បើតាមគេហទំព័រ Worldometer បានផ្សាយ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ថា​ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ឥណ្ឌូនេស៊ីមានករណីឆ្លងថ្មី ចំនួន ៥ ៥០៤នាក់ និងករណីស្លាប់ថ្មី ១៦៣នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ១៩ សរុប ១ ៥៥២ ៨៨០នាក់ ស្លាប់ ៤២ ២២៧នាក់ និងអ្នកជាសះស្បើយ ១ ៣៩៩ ៣៨២នាក់។ ដោយឡែកអ្នកជំងឺចំនួន ១១១ ២៧១ផ្សេងទៀត កំពុងសម្រាកព្យាបាល៕