រាជធានីភ្នំពេញ៖ នៅវេលាម៉ោង៨កន្លះនេះ ក្រុមគ្រូពេទ្យកំពុងតែមមាញឹកក្នុងការយកសំណាកបងប្អូនប្រជាពលរដ្ឋប្រមាណ ៨០នាក់ ធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយធ្វើលើដងផ្លូវម្តុំក្រុមហ៊ុនហង្សមាស ស្ថិតនៅសង្កាត់អូរឬស្សី២ ខណ្ឌ ៧មករា បន្ទាប់ពីរកឃើញថា ពួកគាត់ជាប់ពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារអូរឬស្សី រាជធានីភ្នំពេញ។

គួរបញ្ជាក់ដែលថា អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ករណីផ្ទុះ ការឆ្លងជំងឺ កូវីដ១៩ នៅផ្សារអូរឫស្សីមនុស្សសរុបចំនួន ១១១ នាក់ ត្រូវបានរកឃើញថា វិជ្ជមាន មេរោគកូវីដ-១៩) គិតត្រឹមព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក , វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) ,មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕