ខេត្តព្រះសីហនុ៖ លោក គួច ចំរើន កំពុងពិចារណាអនុញ្ញាតឲ្យតែអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២លើករួចរាល់ និងអ្នកមានភាពចាំបាច់ ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់។

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះសារដូច្នេះថា «រដ្ឋបាលខេត្តព្រះសីហនុ កំពុងពិចារណាផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើករួចរាល់ និងមានភាពចាំបាច់ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់»។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា ការពិចារណបែបនេះ ក៏ព្រោះតែលោក គួច ចំរើន និងរដ្ឋបាលខេត្តព្រះសីហនុ ចង់លើកទឹកចិត្តឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្កាកូវីដ-១៩។ បច្ចុប្បន្នយើងកំពុងសិក្សាលក្ខខណ្ឌចេញ-ចូលបន្ថែម ចំពោះពលរដ្ឋដែលបានចាក់វ៉ាក់សាំងលើកទី២រួច ក្នុងការអនុញ្ញាតឱ្យចេញ-ចូលខេត្តព្រះសីហនុ ក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់៕