រាជធានីភ្នំពេញ៖ នាថ្ងៃទី០៧ ខែមេសា​ ឆ្នាំ២០២១​​ សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានប្រកាសសម្រេចឲ្យអ្នកកើតកូវីដ​១៩ និងអ្នកចត្តាឡីស័ក នឹងទទួលបាន​ការ​អនុគ្រោះ​សងបំណុលពី​ធនាគារ​​ និងមីក្រូហិរញ្ញវត្ថុ។

យោងតាមសេចក្ដីថ្លែងការណ៍រួមរវាង​សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគម​ធនាគារ​នៅកម្ពុជា បានសម្រេច​ផ្ដល់ការ​អនុគ្រោះ​ចំពោះ​អ្នកកើតកូវីដ​១៩ និង អ្នក​តម្រូវធ្វើចត្តាឡីស័កដោយ ៖

១. សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេ​លយ៉ាងតិចមួយខែ ព្រម​ទាំង​ទទួល​បានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើ​អតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហា​ញលទ្ធ​​ផល​តេស្តវិ​ជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

២. សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំ​ឥណទានឡើ​ងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំង​ពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើក​លែងរាល់ការផាកពិន័យទាំងអស់។

គួរជម្រាបផងដែរថា កន្លងមកគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ឲ្យដឹងថា​សមាគម​ មិនបាន​ឈរអោបដៃ​មើលទេ​ នៅពេលដែល​ឃើញអតិថិជន​រងផលប៉ះពាល់​ដោយសារ​វិបត្តិ​នៃជំងឺកូវីដ-១៩​។​ ការឆ្លើយតបនេះ ​ធ្វើឡើង​ក្រោយអង្គការ​សង្គមស៊ីវិល​ជាង១០០​ បានចេញសេចក្តី​ថ្លែងការណ៍​រួមមួយ​ នៅថ្ងៃចន្ទ​នេះ ដោយ​ស្នើសុំ​ទៅរដ្ឋាភិបាល​ ដាក់ចេញនូវ​វិធានការ​ណែនាំដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​និងធនាគារ​ទាំងអស់​នៅកម្ពុជា ​ដើម្បីផ្អាក​ការបង់ប្រាក់​កម្ចី ​និងការប្រាក់​បង្គរ​ទាំងអស់​ សម្រាប់​រយៈពេលយ៉ាងតិច​ ៣ខែ។​

លោក​ កាំង តុងងី ​បញ្ជាក់ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បានរៀបចំ​ឥណទាន​ឡើងវិញ​ដល់អតិថិជន​ប្រមាណជា​៣០ម៉ឺនគ្រួសារ​ ដោយមាន​ទឹកប្រាក់ជាង​ ១ ៤០០​លានដុល្លារ។​ លោកថា​អំឡុងពេល​នៃវិបត្តិកូវីដ-១៩នេះ ​មិនមាន​សមាជិក​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណាមួយ​រឹបអូស​ទ្រព្យបញ្ចាំ​របស់អតិថិជន​ ឬប្តឹងអតិថិជន​ឡើងតុលាការ​ឡើយ​ ៕