រាជធានីភ្នំពេញ៖ លោក ងឿម សម្បត្តិ ប្រធានភូមិចុងថ្នល់ខាងលិច បានបញ្ជាក់​ថា នៅថ្ងៃទី​៨ ខែមេសា ឆ្នាំ២០២១ មានទីតាំងថ្មីមួយទៀត​ នៅក្នុងមូលដ្ឋានគាត់ ​នៅផ្ទះលេខ៣ (ហាងមីហឹរក្បែរស្ពានអាកាសផ្សារដីហុយ) ក្រុមទី៨ ភូមិចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ  ត្រូវបានក្រុមគ្រូពេទ្យមកយកសំណាក ស្វែងរកជំងឺកូវីដ-១៩ ។

រហូតមកដល់ពេលនេះ កូវីដ១៩ កំពុងតែវាយលុកយ៉ាងខ្លាំងមកលើប្រទេសកម្ពុជា ក្រោយពេលមានការរាតត្បាតឆ្លងចូលសហគមន៍។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលកម្ពុជា​ កាលពីព្រឹកថ្ងៃ​ទី៨ ខែមេសា ឆ្នាំ២០២១ បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន១១៣នាក់ ដែលសុទ្ធសឹងពាក់ព័ន្ធនឹង​«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»​។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ  រួមមាន អ្នករស់នៅភ្នំពេញ ចំនួន១០៣នាក់, ខេត្តព្រះសីហនុ ៣នាក់, កណ្ដាល  ៣នាក់, ស្វាយរៀង ៣នាក់ និងខេត្ត​កំពត ​១នាក់។

គិតត្រឹមព្រឹក ថ្ងៃទី​៨ ខែមេសា ឆ្នាំ២០២១ នៅកម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩សរុប ចំនួន ៣០២៨នាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយ ១ ៩១៤នាក់ និង​អ្នកកំពុងព្យាបាល​ ១០៨៥ នាក់ ហើយអ្នកជំងឺចំនួន២៤នាក់បានស្លាប់៕​