ខេត្ត​បាត់ដំបង៖ ដោយសារតែមានការភ័យខ្លាចពីការឆ្លងរីករាលដាល នៃកូវីដ១៩ ចូលទៅក្នុងសហគមន៍ នៅក្នុងខេត្តបាត់ដំបងនោះ មន្ទីរទេសចរណ៍ខេត្ត បានសម្រេចបិទរមណីយដ្ឋាននានា នៅក្នុងខេត្ត ជាបណ្ដោះអាសន្នមួយរយៈពេលសិន។

​​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង  នៅថ្ងៃទី​​៨ ខែមេសា ឆ្នាំ​២០២១​ បានសម្រេចផ្អាកដំណើរការរមណីយដ្ឋាននានា ជិត៣០កន្លែង នៅក្នុងខេត្ត​ ដើម្បី​ចូលរួម​ស្កាត់​ការឆ្លងការរីក​រាលដាលនូវ​ជំ​ងឺកូ​វីដ​-១៩ ចូលក្នុង​សហគមន៍​​។ គោលដៅ​ទេសចរណ៍ ទាំង​ធំ ទាំង​តូច ជាច្រើន ​នៅក្នុង​ខេត្តបាត់ដំបង​ ត្រូវ​​ផ្អាក​ដំណើរការ​ទាំងស្រុង ជា​បណ្តោះអាសន្ន​ ពិសេស ​នៅក្នុង​អំឡុង​បុណ្យចូលឆ្នាំប្រពៃណី​ខ្មែរ ដែលឈានចូលមកដល់ នាពេលខាងមុខនេះ។

មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង   បានបញ្ជាក់ថា  មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ជូនដំណឹង​រម្លឹក​បន្ថែមទៅដល់​បណ្តា​ម្ចាស់​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​កន្លែង​មាន​សក្តានុពល ទេសចរណ៍ បាន​ជ្រាប​ស្រេចបាច់​ហើយ ដើម្បី​ចូលរួម​ពី​គ្រប់ភាគី ទាំង​វិស័យ​ឯកជន និង​រដ្ឋ គោរព ឬ​អនុវត្តតាមឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​។​

​​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​សំខាន់ៗ ប្រកបដោយ​សក្តានុពល នៅលើទឹកដី​ខេត្ត​បាត់​ដំបង នាពេលបច្ចុប្បន្ន រួមមាន​ រមណីយដ្ឋានប្រាសាទ​បាណន់​, រមណីយដ្ឋាន​ភ្នំ​សំពៅ​, ទស្សនា​ហ្វូង​សត្វ​ប្រចៀវ ល្អាង​ភ្នំ​ភ្នំ​ពៅ​, រមណីយដ្ឋាន​ប្រាសាទឯកភ្នំ​, អាងទឹក​កំពីងពួយ​, រមណីយដ្ឋាន​ស្ទឹង​ថ្មដា រមណីយដ្ឋាន​ទឹកធ្លាក់ ៥៣ ក្នុងស្រុក​ភ្នំព្រឹក​, រមណីយដ្ឋាន​នគរជុំ​ភ្នំព្រឹក​, ភ្នំ​កំពូល​, វត្ត​ល្អាង​កង្កែប​, វត្ត​នាង​រំសាយសក់​, វត្តភ្នំ​ជី​ហង្ស​, រមណីយដ្ឋាន​វត្តភ្នំ​ចំបាំង និង​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​ល្អាង​ភ្នំ​ប្រាំពីរ​ជាដើម។

ដោយសារតែវិធានការទប់ស្កាត់ជំងឺកុវីដនេះ គឺ​គោលដៅ​ទេសចរណ៍ ទាំង​ធំ និង​តូចជាច្រើន​នៅក្នុង​ខេត្តបាត់ដំបង​ ត្រូវ​ផ្អាក​ដំណើរការ​ទាំងស្រុង ដោយធ្វើឡើងស្របគ្នាជាមួយនឹង​ប្រមុខ​រាជរដ្ឋាភិបាល កាលពី​ថ្មីៗ​កន្លងមកនេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការ​​មិន​អនុញ្ញាតឲ្យ​ធ្វើមានដំណើរ​ឆ្លងកាត់​ចេញ ចូល​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ជា​បណ្តោះអាសន្ន ក្នុង​រង្វង់​រយ​:​ពេល១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ៧ រហូតដល់​ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១​​៕​