រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសធ្វើការផ្សព្វផ្សាយបន្ថែមដល់មន្ត្រីនគរបាលក្រោមឱវាទឲ្យទៅចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបញ្ជាក់ថា បើមន្ត្រីណាមិនចាក់វ៉ាក់សាំងមិនឲ្យចូលធ្វើការឡើយ ។
នេះបើយោងតាមសេចក្តីថ្លែងសារពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី៨ មេសា ឆ្នាំ២០២១ថា សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អគ្គនាយករង និងលោកប្រធាននាយកដ្ឋាន ជ្រាបថា កន្លងមកតាមរបាយការណ៍បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ តាមការស្ម័គ្រចិត្តបានចំនួនប្រមាណ ៨២% នៃចំនួនក្របខ័ណ្ឌរួមបច្ចុប្បន្ន ។
ក្នុងនាមថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមសម្តែងនូវការកោតសរសើរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានចាក់វ៉ាក់សាំងទាំងលើកទី១ និងលើកទី២ ក៏ដូចជាអនុវត្តបានល្អប្រសើរ នូវវិធានការនានារបស់ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់ការរីរាលដាលជម្ងឺកូវីដ-១៩ ។
គ្រប់នាយកដ្ឋានត្រូវស្រង់បញ្ជីឈ្មោះមន្ត្រីដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ និងមន្ត្រីដែលមិនទាន់បានចាក់វ៉ាក់សាំង រួចផ្ញើមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (នាយកដ្ឋានរដ្ឋបាលសរុប) អោយបានមុនថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ជាកំណត់ ៕