មីយ៉ាន់ម៉ា៖ ​មាន​សេចក្ដីរាយការណ៍មក​ថា​ Paing Takhon តារាម៉ូដែល​ដែល​ខ្នះខ្នែងខ្លាំង​ក្នុង​ការ​ទាមទារសិទ្ធិ​ និង​យុត្តិធម៌ពីក្រុមយោធាភូមា ត្រូវបានគេ​ចាប់ខ្លួន​ហើយនៅព្រឹក​ម៉ោង ៥ ថ្ងៃនេះក្នុងផ្ទះរបស់លោកដែលស្ថិតនៅ North Dagon។

ជាមួយគ្នានេះដែរនាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បងស្រីរបស់តារាបង្ហាញម៉ូត Paing Takhon បានផុសលើ Facebook ខ្លួនថា នៅម៉ោង៥ ព្រឹកនេះ ប្អូនប្រុសរបស់ខ្លួនត្រូវបានទាហានភូមា នឹង ប៉ូលិសភូមាបុកចូលចាប់ខ្លួននៅក្នុងផ្ទះ បន្ទាប់ពីមានដីកាចាប់ខ្លួនកាលពីយប់ម្សិលមិញ។

បងស្រីតារាបង្ហាញម៉ូតរូបនេះបញ្ជាក់ទៀតថា ទាហាននឹងប៉ូលីសភូមាមកច្រើននាក់ រួមជាមួយរថយន្ត៨គ្រឿង បានធ្វើដំណើរទៅផ្ទះប្អូនប្រុសគាត់ Paing Takhon ហើយបានសម្រុកចូលទៅចាប់ប្អូនប្រុសគាត់នៅព្រឹកព្រលឹមងងឹតនេះ នៅផ្ទះប្អូនគាត់ទីក្រុងយ៉ាំងហ្គោន ពេលនេះគាត់មិនអាចទាក់ទងប្អូនប្រុសបានមិនដឹងសុខទុក្ខយ៉ាងណានោះទេ គ្រួសារបារម្ភខ្លាំង.

អ្នកប្រើបណ្ដាញ​សង្គមជា​ច្រើន​នាក់ ក្នុងនោះរួមមានអ្នកចាត់ការទូទៅរបស់ Paing Takhon ផងបាន​នាំគ្នា​បង្ហោះជា​បន្តបន្ទាប់ពីករណី​ចាប់ខ្លួន​របស់​តារា​ប្រុស​រូបនេះ​ ហើយក៏បាន​បញ្ជាក់ថា​លោកបាន​ធ្លាក់ខ្លួន​ឈឺប៉ុន្មាន​ថ្ងៃហើយ ហើយក៏ត្រូវជួបរឿង​បែប​នេះ​ទៀត ឯខាង​ក្រុមគ្រួសារក៏កំពុង​ទាមទារ និង​ស្នើសុំ​យ៉ាងទទូច​ទៅកាន់យោធា ឲ្យមេត្តាដោះលែង Paing Takhon មក​វិញ ដើម្បីព្យាបាលជំងឺ។

យ៉ាងណា​ទាក់ទង​នឹង​ព័ត៌មាន​ចាប់ខ្លួន​តារាៗបាន​ផ្ទុះ​ឡើង​ច្រើន​ថ្ងៃមក​ហើយ ឯប្រតិបត្តិការចាប់ខ្លួនក៏ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ចំពោះ​តារាលើសពី ៥០នាក់ទៅទៀត ក្នុង​នោះមាន​តាំងពីតារាសម្ដែង អ្នកដឹកនាំរឿង តារាចម្រៀង តារាម៉ូដែល -ល- ដែលពួកគេ​ទាំងនេះ​សុទ្ធតែជាអ្នកដែលព្យាយាមប្រឆាំងតវ៉ានឹង​របបយោធាថ្មីរបស់ភូមា ៕