រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានផ្លូវការបង្ហាញពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់ទៀត។ ក្នុងនោះម្នាក់អាយុ ៦៨ឆ្នាំ និងម្នាក់ទៀត អាយុ ៤៩ឆ្នាំ។
សេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមការផ្តល់ព័ត៌មានពីមន្ទីរពេទ្យហ្លួងម៉ែ បានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ ដែលរស់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១ និង៤០នាទីរំលងអាធ្រាត និងបុរសជនជាតិខ្មែរ អាយុ៤៩ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១ និង៥៥នាទីព្រឹក។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ករណីបុរសជនជាតិខ្មែរ ដែលមានអាយុ ៦៨ឆ្នាំ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិ សុខភាពសាធារណៈ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ០១៖៣០នាទីរំលងអាធ្រាត ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់បង់ស្មារតី ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះដោយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១៖៤០នាទីរំលងអាធ្រាត។

ករណីបុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំ អ្នកជំងឺត្រូវបានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈដូចគ្នា ពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាលតាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរការវិវត្តជំងឺពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១៖៥៥នាទី អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យករណីបុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរដោយសារវីរុសកូវីដ-១៩ និងករណីបុរសជនជាតិខ្មែរ អាយុ៤៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩៕