បរទេស៖ រដ្ឋបាលថ្មីរបស់សហរដ្ឋអាមរិក បានបង្កើនការ​ចាក់វ៉ាក់សាំង បានជាង១៥០លានដូស ដោយប្រើក្នុងរយៈពេល៧៥ថ្ងៃ ហើយលោកប្រធានាធិបតី ចូ បៃដិន ប្រកាសឲ្យពលរដ្ឋអាមេរិកាំងពេញវ័យទាំងអស់ នឹងមានសិទ្ធិទទួលការចាក់វ៉ាក់សាំង បង្ការកូវីដ១៩ មិនលើសពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ថា ប្រជាពលរដ្ឋពេញវ័យទាំងអស់ រស់នៅលើទឹកដីសហរដ្ឋអាមេរិក នឹងមានសិទ្ធិចាក់វ៉ាក់សាំងបង្ការកូវីដ១៩​ ក្នុងរយៈពេល២សប្ដាហ៍ ដែលពីមុន បានកំណត់ការបើកចំហ នៅថ្ងៃទី១៩ ខែឧសភា។ ក្រៅពីនេះ លោកប្រធានាធិបតី សង្ឃឹមថា ​វ៉ាក់សាំងបង្ការកូវីដ ១៩អាចនឹងនៅសល់ ដើម្បីជួយដល់ប្រទេសក្រីក្រ ដែលគ្មានលទ្ធភាពទិញវ៉ាក់សាំង នៅមុនដំណាច់រដូវក្តៅខាងមុខនេះ។​

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បាន​ប្រកាសថា ​មនុស្សគ្រប់គ្នា មានអាយុចាប់ពី១៨ឆ្នាំ ឬច្រើនជាងនេះ ​មានសិទ្ធិទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩គ្រប់គ្នា ហើយក៏មិនមានច្បាប់អ្វីច្របូកច្របល់ និងមិនមាន​ការរឹតបន្ដឹងអ្វីទៀតដែរ។​​  លោកប្រធានាធិបតី បានប្រកាសបែបនេះ ចំពេលមានរលកទី៤ នៃកូវីដ១៩​ កំពុងកើនឡើង នៅក្នុងប្រទេសមហាអំណាចមួយនេះ ដោយមានអ្នកឆ្លងច្រើន ក្នុងចំណោមយុវវ័យ។

ទោះជាយ៉ាងណា លោកប្រធានាធិបតី បៃដិន បាន​ព្រមានថា៖ «យើងមិនទាន់ដល់​ទីបញ្ចប់នៅឡើយ​។ យើងនៅតែមានការងារជាច្រើន​ត្រូវធ្វើ។ យើងកំពុងស្ថិតក្នុងកិច្ចការពារ ឲ្យគេចផុតពី​គ្រោះថ្នាក់ នៃ​វីរុសនេះ»។​

​​សេតវិមាន បានឲ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋបាលអាមេរិក បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ បានជាង១៥០លានដូស ដែលស្មើនឹងជិត១ភាគបី នៃពលរដ្ឋអាមេរិកាំងទាំងអស់ ហើយពលរដ្ឋពេញវ័យ ប្រហែល៤០ភាគរយ យ៉ាងហោចណាស់ ក៏ចាក់វ៉ាក់សាំងបាន១ដូស​ និងជិត១ភាគ៥ នៃពលរដ្ឋសរុប បានចាក់វ៉ាក់សាំងរួចរាល់ហើយ។

រដ្ឋបាលចំណីអាហារ (FDA) របស់អាមេរិក បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន៣ប្រភេទ រួមមាន វ៉ាក់សាំងរបស់​ក្រុមហ៊ុន Pfizer (ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក), វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson &Johnson (ទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក ហើយវ៉ាក់សាំងនេះចាក់តែមួយដូស សម្រាប់មនុស្សម្នាក់)។ ដោយឡែក វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax របស់សហរដ្ឋអាមេរិកមួយទៀត នៅមិនទាន់បានទទួលស្គាល់ ដោយ FDA នៅឡើយ។

បើតាមគេហទំព័រ Worldometer បានផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ថា​ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ១៩ សរុបជាង ៣១,៥លាននាក់ ស្លាប់ជាង៥៧០ ០០០នាក់ និងមានអ្នកជាសះស្បើយ ជាង២៤,១លាននាក់៕​