បរទេស៖ រហូតមកដល់ពេលនេះ មិនមែនមានត្រឹមតែប្រជាពលរដ្ឋ សិស្ស និស្សិត​នោះទេ សូម្បីតែ​តារាល្បីៗរបស់ប្រទេសភូមា ក៏ងើបឡើង តវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធា ហើយអំពាវនាវឲ្យពិភពលោកជួយដល់ប្រទេស និងប្រជាពលរដ្ឋរបស់ពួកគេ  ទើបធ្វើឲ្យមេដឹកនាំរដ្ឋប្រហារយោធានៅប្រទេសនេះ បានចេញដីកា ប្រកាសចាប់ខ្លួនអ្នកល្បីៗទាំងនោះ។​

សារព័ត៌មាន Global Nes Light ​គ្រប់គ្រង ដោយរបបយោធា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានផ្សព្វផ្សាយថា ​បុគ្គល​មានឥទ្ធិពលជាច្រើនរូប នៅក្នុងប្រទេស រួមមាន ទាំងតារាចម្រៀង តារាភាពយន្ត តារាបង្ហាញម៉ូដ និងបវរកញ្ញា សុទ្ធតែ​ស្ថិត​ក្នុងបញ្ជីឈ្មោះខ្មៅរបស់យោធាភូមា ហើយពួកគេត្រូវប្រឈមនឹងការចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ប្រឆាំងនឹងយោធា និងបង្កហិង្សា»។

ពួកយោធា​ភូមា បានចោទប្រកាន់មនុស្សល្បីល្បាញទាំងនោះ ពីការ​បំពានច្បាប់ តាមមាត្រា ៥០៥ (A) នៃក្រមព្រហ្មទណ្ឌ ដោយបានផ្សព្វផ្សាយព័ត៌មាន បង្កឲ្យ​​ប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខ​ជាតិ។ បើតាមក្រមព្រហ្មទណ្ឌនេះ អ្នកដែលត្រូវរបបយោធាចាប់ខ្លួនបាន អាចប្រឈមនឹងការ​ជាប់ពន្ធនាគារ រយៈពេល​៣ឆ្នាំ។

ប្រទេសភូមា​ ធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយយ៉ាងធ្ងន់ធ្ងរ ក្រោយពេលពួកយោធា​ធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ​ក្រុមប្រឹក្សារដ្ឋ និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលស៊ីវិលជាច្រើនរូបទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។​

រដ្ឋប្រហារយោធានេះ បានបណ្ដាលឲ្យមានការតវ៉ា ប្រឆាំងពីសំណាក់ប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ រួមមា ក្រុមគ្រូពេទ្យ សាស្រ្ដាចារ្យ តារាល្បីៗ សិស្ស និស្សិត មន្រ្ដីរដ្ឋការ និងប្រជាពលរដ្ឋស៊ីវិល។ រីឯ​ពួកយោធាវិញ ក៏បានបង្រ្កាបយ៉ាងឃោរឃៅទៅលើប្រជាពលរដ្ឋ ដែលគ្មានអាវុធ នៅក្នុងដៃ បណ្ដាលឲ្យមនុស្សជា៥០០នាក់បាត់បង់ជីវិត ហើយពលរដ្ឋភូមា​នៅតែបន្ដបាត់បង់ជីវិតជារៀងរាល់ថ្ងៃ។

​រហូតមកដល់ពេលនេះ ពួកយោធា បានចេញដីការតាមចាប់ខ្លួនបុគ្គលល្បី ចំនួន៦០នាក់  ដោយចោទប្រកាន់ទៅលើក្រុមតារាទាំងនោះ ពីការបង្កើនសកម្មភាពឃោសនា ញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងយោធា។

តារាសម្តែងដ៏ល្បីល្បាញមួយរូបរបស់ភូមា  នាង May Toe Khine បានសរសេរថា ​ឈ្មោះនាងស្ថិត​ក្នុងបញ្ជីខ្មៅរបស់យោធា ត្រូវតាមចាប់ខ្លួន ក្រោមការចោទថា នាងបានប្រើប្រាស់បណ្តាញសង្គម ​ញុះញង់ឱ្យពលរដ្ឋ ធ្វើបាតុកម្មប្រឆាំងនឹងយោធា។ ប៉ុន្តែធាតុពិត នាងបាននិយាយតាមអ្វីដែលបានកើតឡើង​​តែប៉ុណ្ណោះ។

បើតាមអ្នកស្ថិតក្នុងបញ្ជីខ្មៅរបស់ពួកយោធានោះ ក៏​បវរកញ្ញា Miss Grand Myanmar នាង Han Lay អាយុ២២ឆ្នាំផងដែរ។ ការចោទប្រកាន់របស់ពួកយោធានេះ បានកើតឡើង ក្រោយពេលនាងចូលរួមប្រឡងបវរកញ្ញាសន្តិភាពអន្តរជាតិ នៅក្នុងប្រទេសថៃ ហើយនាងបានអំពាវនាវដល់សហគមន៍អន្តរជាតិ សុំឱ្យជួយដល់ពលរដ្ឋភូមា ក្រោយពេលពួកយោធាប្រើប្រាស់អំពើហិង្សា បណ្តាលឲ្យមនុស្សជាច្រើននាក់បានស្លាប់​។  ​នាង Han Lay កំពុងស្ថិត​ក្នុងប្រទេសថៃ នៅឡើយ ហើយនាង​មិនទាន់ហ៊ានទៅកាន់ប្រទេសភូមាវិញទេ ព្រោះនាងខ្លាចពួកយោធា​ចាប់ខ្លួននាង។​

គិតចាប់តាំងពីការធ្វើរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រុមបាតុករអហិង្សា ចំនួន៥៧០នាក់ ត្រូវបានពួកយោធាបាញ់សម្លាប់ ហើយ​ក្នុងនោះមានកុមារ៤៧នាក់។ ដោយឡែកមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕