រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានរកឃើញកម្មករ-កម្មការិនី នៅរោងចក្រកាត់ដេរ «ឌីន ហាន» ជិត៥០នាក់ ឆ្លងជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា រោងចក្រកាត់ដេរ «ឌីន ហាន» មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែកជាកំហិត បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។ ចំណែកបងប្អូនសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករទាំងនោះ ត្រូវជួយណែនាំឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃតាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។

យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យ បានបញ្ជាក់ថា កម្មករ-កម្មការិនីដែលកំពុងបម្រើការងារនៅក្នុងរោងចក្ររោងចក្រកាត់ដេរ «ឌីន ហាន» មានចំនួន ២ ៥៦២នាក់៕