មានបងប្អូនច្រើនណាស់ដែលមានចម្ងល់ពីតំណមមុននិងក្រោយចាក់វ៉ាក់ស៊ាំងហើយ ហេតុអ្វីមិនឱ្យបរិភោគសុរា និងអាហារហឹរ។ ពិតណាស់ ប្រសិនបើចង់ឱ្យវ៉ាក់ស៊ាំងទទួលបានប្រសិទ្ធភាពខ្ពស់ទាល់តែលោកអ្នកអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ចំពោះសុរាដាច់ខាតហើយ មុនចាក់ពីរបីថ្ងៃក៏ត្រូវតមនៅពេលចាក់រហូតដល់ដូសទី២ ក៏ត្រូវតម ក្រោយចាក់ដូសទី២ ក៏ត្រូវតមយ៉ាងតិចពី២សប្តាហ៍ទៅ៣សប្តាហ៍ទៀតដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបជាមួយនឹងវ៉ាក់សាំង ទុកពេលឱ្យវ៉ាក់សាំងធ្វើការងារនៅក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតបាននូវអង្គបដិបក្សសម្រាប់ប្រឆាំងជាមួយនឹងកូវីដ-១៩ ពីព្រោះស្រានេះចូលទៅយើងដឹងហើយទាំងអស់គ្នាអ្វីក៏សាបដែរ ដាក់ចូលទៅគឺសាបទាំងអស់ ។

ម៉្យាងវិញទៀត អាហារហឹរនេះការណែនាំកន្លងមកហឹរតិចតួច គឺមិនមានបញ្ហាអ្វីទេតែកុំឱ្យហឹរខ្លាំង ចឹងសូមមេត្តាបន្ថយហូបតិចៗនៅក្នុងអំឡុងពេលទុកពេលឱ្យសរីរាង្គរបស់យើងទទួលយកហើយឆ្លើយតបទៅនឹងវ៉ាក់សាំងនេះឱ្យបានល្អប្រសើរ ។

ដោយឡែកបញ្ហាគ្រឿងតម តែអ្នកដែលមានបញ្ហាប្រតិកម្មទៅនឹងគ្រឿងសមុទ្រទេ ពីព្រោះអ្នកខ្លះគាត់អត់ដែលទទួលទានទៅលើគ្រឿងសមុទ្រអញ្ចឹង បើគាត់ចាក់វ៉ាក់សាំងហើយគាត់ទៅទទួលទានគ្រឿងសមុទ្រអ៊ីចឹងធ្វើឱ្យគាត់ប្រតិកម្មហើយដល់ពេលប្រតិកម្ម មិនថាមកពីគ្រឿងសមុទ្រ គាត់ថាមកពីវ៉ាក់សាំង អ៊ីចឹងចាំបាច់អ្នកដែលដឹងខ្លួនថាមានអាឡែកស៊ីជាមួយគ្រឿងសមុទ្រ ក្រោយចាក់វ៉ាក់សាំងហើយ គឺត្រូវតម ពីព្រោះវាអាចជាបញ្ហាមួយដែលធ្វើឱ្យមានការភាន់ច្រឡំទៅលើបញ្ហានេះហើយក៏អាចប៉ះពាល់ទៅលើសុខភាពរបស់គាត់ដែរប្រសិនបើអាលេកស៊ីនេះវាកើតឡើងដោយសារគ្រឿងសមុទ្រ។ ដូច្នេះ ហើយទើបបានជាមានការណែនាំឱ្យតមគ្រឿងសមុទ្របែបនេះ៕