ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ​ដ៏ល្បី​នៅកម្ពុជា កាលពីថ្ងៃទី​​៦​ ខែ​មេសា ឆ្នាំ​២០២១​ បានបរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ចំនួន​១០០​កេស តាម​រយៈ​យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ជូន​ដល់មន្ទីរ​ពេទ្យ​បង្អែក អង្គស្នួល ក្នុងខេត្តកណ្តាល ដើម្បីចូលរួមជាមួយមន្ទីរ​ពេទ្យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ​-១៩។

លោកស្រី គង់ កុសល​ នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលធ្វើការបរិច្ចាគ​ទឹក​បរិសុទ្ធ កម្ពុជា​ គឺ​ដើម្បី​​ចូលរួម​សម្រួល​ដល់​ការ​លំបាក​របស់​​ក្រុម​គ្រូពេទ្យ​ ដែល​កំពុង​បំពេញ​​បេសកកម្ម​យ៉ាង​សកម្ម​ក្នុង​ការ​​ទប់ស្កាត់ការរាលដាលនៃវីរុស​កូវីដ-១៩។ លោកស្រី​​សង្ឃឹមថា ការបរិច្ចាគនាពេលនេះ នឹងផ្តល់ជាកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យដើម្បី​តស៊ូតតាំងក្នុងសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ​-១៩។

ក្នុងពេលប្រគល់អំណោចខាងលើនេះ វេជ្ជបណ្ឌិត លី សុវណ្ណា ប្រធានមន្ទីរ​ពេទ្យបង្អែក អង្គស្នួល ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​បានជួយសម្រាលការលំបាករបស់ក្រុមគ្រូពេទ្យ។

ក្រុមហ៊ុន ​ខ្មែរ ​ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​ផលិត​​ស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និង​ទឹក​បរិសុទ្ធ កម្ពុជា ដែល​សុទ្ធ​​តែជាផលិតផលទទួល​បាន​ការ​គាំទ្រខ្លាំង​​នៅលើ​ទីផ្សារ៕