បរទេស៖ អាជ្ញាធរទីក្រុងឌូបៃ បានប្រើធម៌ក្ដៅ លើស្រ្ដីបរទេសចំនួន១១នាក់ និងអ្នកថតរូប ដែលបានថតរូបអាក្រាតកាយ នៅលើអគារខ្ពស់កប់ពពក ហើយវិធានការនេះ គឺត្រូវបណ្ដេញពួកគេចេញពី​ប្រទេសអារ៉ាប់អេមីរ៉េត (UAE) ។

អាជ្ញាធរ​ទីក្រុងឌូបៃ បានបញ្ជាក់ថា ​ស្ត្រីទាំង១១នាក់ ដែលអាជ្ញាធរចាប់ខ្លួន ហើយត្រូវបណ្ដេញ​ចេញពីប្រទេសនោះ រួមមាន ជនជាតិអ៊ុយក្រែន និងអ្នកថតរូបជាជនជាតិរុស្ស៊ី។ ស្រ្ដីទាំងនោះត្រូវបានរងការចោទប្រកាន់ ពីសកម្មភាពប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្ត្រីអារ៉ាប់។

កាលពីដើមសប្តាហ៍កន្លងទៅនេះ រូបថតអាក្រាតកាយជាច្រើនសន្លឹក ត្រូវបានគេបង្ហោះ នៅលើបណ្តាញអ៊ិនធើរណេត។ ប៉ុន្ដែវិធានការរបស់ទីក្រុងឌូបៃខាងលើនេះ បានទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីមហាជន ដោយសារថា ប្រទេសនេះបានដាក់ច្បាប់យ៉ាងតឹងរ៉ឹង ប្រឆាំងនឹង​ស្ត្រីភេទ។

លោក Essam Issa al-Humaidan រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អារ៉ាប់រួម (UAE) បាន​ប្រកាសថា អ្នក​​ពាក់ព័ន្ធនឹងការថតរូបអាក្រាតកាយទាំងនេះ នឹងត្រូវ​បណ្តេញចេញពីប្រទេសអារ៉ាប់រួម។ វិធានការតាមផ្លូវច្បាប់របស់ប្រទេសនេះ​មិនត្រូវការនូវការបកស្រាយអ្វីទាំងអស់។

ទោះជាយ៉ាងណា​ ប៉ូលិសអារ៉ាប់រួម បាន​បដិសេធការប្រាប់អត្តសញ្ញាណរបស់ស្រ្ដីបរទេសទាំងនោះ។ ការបណ្ដេញចេញពីប្រទេសភ្លាមៗនេះ ក៏ជាករណីដ៏កម្រមួយ នៅក្នុងប្រទេសអារ៉ាប់រួម។ ព្រះរាជអាជ្ញាអារ៉ាប់រួមបានចេញបញ្ជាឲ្យបណ្តេញស្ត្រីទាំងនោះ ក្រោមបទចោទប្រកាន់ពី​សកម្មភាពផ្ទុយ​នឹងទំនៀមទម្លាប់ ប្រពៃណី របស់ស្ត្រីអារ៉ាប់ នៅក្នុងទីសាធារណៈ៕