បរទេស៖ ខណៈក្រុមសន្ដិសុខរបស់របបគ្រប់គ្រងយោធាភូមា កំពុងតែបន្ដបង្ក្រាបយ៉ាងព្រៃផ្សៃបណ្ដាលឲ្យពលរដ្ឋភូមា បន្ដស្លាប់កើនឡើងជាង៥០០នាក់ ហើយត្រូវអង្គការសហប្រជាជាតិ និងសហគមន៍អន្ដរជាតិថ្កោលទោសកាន់តែខ្លាំង ដោយស្វះស្វែងរកការដាក់ទណ្ឌកម្ម ប៉ុន្ដែបែរជារុស្ស៊ី ចេញមុខមកការពារ ហើយព្រមានថា ការដាក់ទណ្ឌកម្មនេះ នឹងធ្វើឲ្យភូមា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល កាន់តែធ្ងន់ធ្ងរ។
សារព័ត៌មាន AFP បានផ្សាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ថា រុស្ស៉ីបានបង្ហាញអំពីគោលជំហររបស់ខ្លួន ប្រឆាំងនឹងការដាក់ទណ្ឌកម្មលើរបបយោធា នៅក្នុងប្រទេសភូមា។ ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានព្រមានថា ការដាក់ទណ្ឌកម្មលើរបបយោធាភូមានេះ អាចបង្កឲ្យមានសង្រ្គាមស៊ីវិលជាទ្រង់ទ្រាយធំ នៅក្នុងប្រទេសមួយនេះ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី យកមកចុះផ្សាយថា «ផ្លូវឆ្ពោះទៅរកការគំរាមកំហែង និងការដាក់សម្ពាធ ដូចជា ការប្រើប្រាស់ទណ្ឌកម្ម ប្រឆាំងនឹងអាជ្ញាធរភូមាបច្ចុប្បន្ន កំពុងបង្កនូវគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។ ការដាក់ទណ្ឌកម្មនេះអាចរុញច្រានប្រទេសភូមា ឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលជាទ្រង់ទ្រាយធំផងដែរ…»។
ភូមាបានធ្លាក់ចូលក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរ ក្រោយមានរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លយនលោកស្រី អ៊ុង សានស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋ និងមន្រ្ដីរបស់លោកស្រី ជាច្រើននាក់ផ្សេងទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ រីឯការបង្ក្រាបយ៉ាងឃោរឃៅ ក៏បានកើតមានឡើង ក្រោយពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា ដោយបានបណ្ដាលឲ្យមានមនុស្សជាង៥០០នាក់ បាត់បង់ជីវិត។
អំពើឃោរឃៅនេះ ធ្វើឲ្យបណ្តាប្រទេសមហាអំណាច និងសហគមន៍អន្តរជាតិ ជាច្រើន បានថ្កោលទោស និងដាក់ទណ្ឌកម្មលើយោធាភូមា ជាបន្ដបន្តាប់ ដើម្បីបញ្ឈប់នូវអំពើហិង្សា នៅក្នុងប្រទេសភូមា។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ទាំងទណ្ឌកម្ម និងការទទូចឲ្យបញ្ឈប់អំពើហិង្សា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ក៏នៅតែមិនមានសញ្ញាណាមួយ ប្រកបដោយប្រសិទ្ធភាពដែរ។ ពួកយោធាមីភូមា នៅតែបន្តការបង្រ្កាបយ៉ាងចាស់ដៃ លើក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ។
ផ្ទុយទៅវិញ ស្របពេលប្រទេសភូមា កំពុងតែធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរនោះ រុស្ស៊ីបែរជាហក់ចូលទៅកាន់ជើងប្រទេសអាស៊ានមួយនេះ ដើម្បីរឹតចំណងយោធាជាមួយនឹងរបបគ្រប់គ្រងយោធាមួយនេះ។ ដោយសារករណីនេះ ទើបរុស្ស៊ីរារាំងដល់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ ក្នុងការដាក់ចេញពីវិធានការននានាទៅលើរបបគ្រប់គ្រង នៅភូមា៕