យោងតាមសារព័ត៌មាន Reuters បានចេញផ្សាយកាលពីថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលប្រេស៊ីល បានប្រកាសពីការរកឃើញអ្នកស្លាប់ដោយសារ COVID-19 លើស៤,០០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខអ្នកស្លាប់ច្រើនបំផុតជាលើកដំបូង និងមិនធ្លាប់មាន គិតចាប់តាំងពីការផ្ទុះជំងឺឆ្លងរាតត្បាតដ៏កាចសាហាវមួយនេះ។

ហើយជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាលរបស់ប្រេស៊ីល បានឲ្យដឹងថា ពេញមួយថ្ងៃអង្គារ ទី៦ ខែមេសា ម្សិលមិញ អ្នកជំងឺ COVID-19 ចំនួន ៤,២១១នាក់បានស្លាប់ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់៣៣៧,៣៦៤នាក់។ ក្នុង រយៈពេលដូចគ្នា អ្នកឆ្លងថ្មីចំនួន ៨២,៨៦៩នាក់ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ១៣,១០៦,០៥៨នាក់ ខណៈ១១,៥៥៨,៧៨៤នាក់ជាសះស្បើយ ឡើងវិញ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រេស៊ីលគឺជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕