បរទេស៖​ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កូវីដ១៩បានឆក់យកជីវិត​របស់ប្រជាពលរដ្ឋហ្វីលីពីន ចំនួន៣៨២នាក់ ហើយនេះជាចំនួនអ្នកស្លាប់​ប្រចាំថ្ងៃ​ដ៏ច្រើនបំផុត ចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណា ហៅកាត់ «កូវីដ-១៩» ​រហូតមកដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១​។

ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ គ្រប់គ្រងដោយរដ្ឋចិន បានចេញផ្សាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ថា ក្នុងរយៈពេល២៤ម៉ោង​​​មកនេះ មន្រ្ដីសុ​ខាភិបាលហ្វីលីពីន​ បានរកឃើញអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន៣៨២នាក់។ នេះជាកំណត់ត្រា នៃការស្លាប់ដោយសារ​ជំងឺកូវីដ១៩ប្រចាំថ្ងៃដ៏ច្រើនបំផុត ដែលមិនធ្លាប់មានពីមុនមក

​គេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៧ ខែមេសា ថា ​នៅក្នុងប្រទេសហ្វីលីពីន ត្រូវ​បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន ៩ ៣៧៣ នាក់ និងករណីស្លាប់ថ្មី៣៨២នាក់ ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុប កើនដល់ជាង ៨១២ ០០០នាក់ ស្លាប់ជាង ១៣ ៨០០នាក់។ ប៉ុន្ដែទោះជាយ៉ាងណា ក្នុងចំណោមអ្នកជំងឺទាំងនោះ ក៏មាន​អ្នកជាសះស្បើយពីជំងឺកូវីដ១៩វិញ បន្ដកើតឡើងដល់ជាង ៦៤៦ ០០០នាក់ផងដែរ។​

ដោយឡែក ក្រសួងសុខាភិបាលហ្វីលីពីន បាន​បញ្ជាក់ថា តួលេខអ្នកស្លាប់ច្រើន នៅក្នុងរបាយការណ៍ នាថ្ងៃនេះ ក៏ដោយសារតែមានករណីស្លាប់ ចំនួន៣៤១នាក់ មិនត្រូវបាន​គេរាយការណ៍ កាលពីសប្តាហ៍មុន ដោយសារតែបញ្ហាបច្ចេកទេស នៅក្នុងប្រព័ន្ធប្រមូលទិន្នន័យ។ ទោះជាយ៉ាងណា ចាប់តាំងពីការផ្ទុះឡើង នៃកូវីដ១៩ រហូតមកដល់ពេលនេះ ហ្វីលីពីនបានធ្វើតេស្ដ ស្វែងរកជំងឺនេះ លើប្រជាពលរដ្ឋ ចំនួន៩,៨លាននាក់​៕