ប្រធានអាស៊ានប្តូរវេន ព្រះចៅស៊ុលតង់ ហាសាណាល់ ប៊ូគៀ នៃប្រទេសប្រ៊ុយណេ និង នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ម៉ូហ៊ីឌីន យ៉ាស៊ីន បានជួបពិភក្សានិងឯកភាពគ្នានៅទីក្រុង បានដាស៊េរីបេហ្កាវ៉ាន់ នៃប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី០៥ មេសា ២០២១ សម្រេចនឹងបើកកិច្ចប្រជុំកំពូលអាស៊ានដោយក្នុងនោះមានរបៀបវារៈពិសេសស្តីពីវិបត្តិក្នុងប្រទេសភូមា ។ យ៉ាងណា នៅក្នុងជំនួបនោះមេដឹកនាំទាំងពីរមិនបានកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំកំពូលដែលគ្រោងរៀបចំនៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនោះនៅឡើយទេ ។

ជាការកត់សម្គាល់ មេដឹកនាំអាស៊ានគ្រោងជួបពិភាក្សាគ្នា ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាវិបត្តិនៅក្នុងប្រទេសភូមាខាងលើនេះ បានធ្វើឡើងក្រោយពីកិច្ចប្រជុំអាស៊ានថ្នាក់រដ្ឋមន្រ្តីការបរទេសកាលពីខែមុន ដែលប្រ៊ុយណេជាប្រធានផ្លាស់វេននេះ មិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ដោយសារតែការខ្វែងគំនិតគ្នាលើធម្មនុញ្ញអាស៊ានដែលចែងពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ានណាមួយ ។

តើអាស៊ានដែលបង្កើតឡើងកាលពី៥៤ឆ្នាំមុន អាចដោះស្រាយវិបត្តិរបស់ភូមាបានទេ ? ។ 

គេនៅចាំបានពីព្រឹត្តិការណ៍នៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីតំបន់ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា ដែលការឈ្លានពានរបស់ទាហានថៃរហូតបង្កជាសង្រ្គាមព្រំដែនកាលពី១៣ឆ្នាំមុននោះ គឺអាស៊ានក៍មិនអាចចេញសេចក្តីថ្លែងការណ៍ណាមួយនោះបានដែរដោយសារតែរនាំងធម្មនុញ្ញអាស៊ានដែលចែងពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាននេះឯង។

ក្រុមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិមួយចំនួនបាននិយាយថា វិបត្តិនៅភូមាមិនអាចស្ថាប័នអន្តរជាតិណាមួយ រាប់ទាំងអង្គការសហប្រជាជាតិជួយសម្របសម្រួលដោះស្រាយបានឡើយ ក៍ព្រោះតែភូមិសាស្រ្តនយោបាយនិងផលប្រយោជន៍របស់ប្រទេសមហាអំណាច ។

សង្រ្គាមស៊ីវិលនៅភូមា ទំនងជាជៀសមិនផុត ដោយសារតែពេលនេះមានជនជាតិភាគតិចចំនួន១០ រាប់ទាំងជនជាតិការ៉ែនដែលប៉ងផ្តាច់ខ្លួនពីមីយ៉ាន់ម៉ាផងនោះ បានប្រកាសចូលរួមជាមួយបាតុករភូមា ដើម្បីផ្តួលរំលំរបបសឹកភូមាដែលធ្វើរដ្ឋប្រហារប្លន់អំណាចពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែវិច្ឆិកា ២០២០ ហើយដែលក្រោយរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ កុម្ភៈ ២០២១ មកដល់ថ្ងៃទី០៦ មេសានេះ បានធ្វើឲ្យប្រជាពលរដ្ឋភូមាដែលធ្វើបាតុកម្មទាមទារឲ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជីនិងមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិនតេយ្យជាច្រើនរូបទៀត ព្រមទាំងទាមទារសេរីភាពតាមបែបប្រជាធិបតេយ្យនិងឲ្យពួកយោធាប្រគល់អំណាចឲ្យគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជីវិញ បានស្លាប់ជិត៦០០នាក់ហើយ និងរាប់រយនាក់ទៀតរងរបួស ៕