មកដល់ថ្ងៃអាទិត្យម្សិលមិញ អំពើហិង្សានិងការបង្រ្កាបលើក្រុមបាតុករពីសំណាក់របបសឹកភូមានៅតែបន្តមាន ខណៈដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះវិញ ក៍បានបើកកិច្ចប្រជុំ តែនៅមិនទាន់ចេញសេចក្តីសម្រេចណាមួយដើម្បីឈានទៅបញ្ចប់របបសឹក និងការបង្ហូរឈាមពលរដ្ឋភូមានៅឡើយទេ ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ ទី០២ មេសា កន្លងទៅតំណាងប្រទេសមហាយក្សចិន បានប្រកាសថាខ្លួនមិនគាំទ្រណាមួយឲ្យមានការដាក់ទណ្ឌកម្មលើរបបសឹកភូមានោះឡើយ ។ សូមបញ្ជាក់ថា សិទ្ធិវេតូ (ច្រានចោល) របស់ប្រទេសណាមួយក្នុងចំណោមសមាជិកអចិន្រ្តៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលរួមមាន អាមេរិក រុស្ស៊ី ចិន បារាំង និងអង់គ្លេស គឺត្រូវបានគេប្រៀបប្រដូចជាជួងដែលត្រូវបានប្រទេសមហាយក្សណាមួយដែលប្រើសិទ្ធិវេតូមានចែងក្នុងច្បាប់នៃក្រុមប្រឹក្សាសន្តិសុខនោះ គោះឲ្យបន្តសង្រ្គាម និងអំពើហិង្សាក្នុងប្រទេសណាមួយ ដូចនៅភូមាពេលនេះជាដើម ។

តើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរធ្វើវិសោធនកម្មច្បាប់ដែលចែងពីសិទ្ធិវេតូរបស់ខ្លួនឬយ៉ាងណា ? ។ សំណួរនេះទំនងជាគ្មានចម្លើយ និងប្រហែលគ្រាន់តែជាការសុបិនតែប៉ុណ្ណោះ ព្រោះតាមក្រុមអ្នកតាមដានស្ថានការណ៍ពិភពលោក បើសិនជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចពិភាក្សាធ្វើវិសោធនកម្មលុបចោលចំណុចវេតូនេះ ទាល់តែចាំសេះដុះស្នែង ឬត្រីអណ្តែងឡើងស៊ីស្លឹកអំពិលបានសិន និងបើមហាយក្សនីមួយៗនៅតែបន្តដណ្តើមតែសត្វល្អិតគ្នាស៊ីរាល់ថ្ងៃនោះ ។

ចាប់តាំងពីក្រោយរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ កុម្ភៈមក ពលរដ្ឋភូមាជិត៦០០នាក់ហើយបានស្លាប់ និងរបួសរាប់រយនាក់ ហើយអ្វីដែលក្តីបារម្ភបំផុតគឺការកើតមានសង្រ្គាមស៊ីវិល បន្ទាប់ពីរបបសឹកភូមាក្រៅពីការបង្រ្កាបទៅលើបាតុករដែលចូលរួមដោយមហាជន គឺពួកគេបានផ្តើមវាយប្រហារតាមឧទ្ធម្ភាគចក្របាញ់ស្រោចទៅលើជនជាតិភាគតិច ពិសេសជនជាតិការ៉ែន បន្ទាប់ពីជនជាតិការ៉ែមដែលប៉ងផ្តាច់ខ្លួនយូរមកហើយ បានប្រកាសនិងបានចូលរួមជាមួយបាតុករភូមាដែលស្រឡាញ់ប្រជាធិបតេយ្យ ដើម្បីប្រឆាំងនឹងរបបសឹកយោធា ដែលកំពុងកាន់កាប់អំណាចបានពីការប្លន់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ដែលឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែវិច្ឆិកា ២០២០ ៕