ក្តីរំពឹងដែលថាប្រេងកម្ពុជាដែលបូមក្នុងដែនសមុទ្ររបស់ខ្លួននឹងទទួលបាន៧៥០០ប៉ារ៉ែលក្នុងមួយថ្ងៃនោះ ទំនងជាត្រូវខកចិត្តវិញ ព្រោះប្រេងឆៅដែលបូមបានមានចំនួន ២៤៩៣ ប៉ារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Kris Energy ដែលកំពុងប្រតិបត្តិការបូមប្រេងក្នុងអណ្តូងចំនួន៥ក្នុងប្លុក A នៃតំបន់អប្សរាដែនសមុទ្រខ្មែរ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី ៣១ មីនា ២០២១ថា គិតចាប់តាំងពីថ្ងៃបញ្ចេញតំណក់ប្រេងដំបូងនៅអណ្តូងទី១ ក្នុងប្លុក A កាលពីថ្ងៃទី២៩ ធ្នូ ២០២០ ដល់ថ្ងៃទី៣០ មីនា ២០២១ ជាមធ្យមក្រុមហ៊ុនបូមប្រេងបានត្រឹម ២៤៩៣ ប៉ារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលតួលេខនេះ ទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ៧៥០០ប៉ារ៉ែលក្នុងមួយថ្ងៃ ។

សេចក្តីប្រកាសបន្ទាន់ដដែលបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ចំនួនប្រេងដែលបូមបានប្រចាំថ្ងៃទាបជាងផែការនេះ បានធ្វើឲ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៍កំពុងប្រឈមនឹបញ្ហាបំណុលនោះថែមទៀត ។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន Kris Energy របស់ប្រទេសសិង្ហបុរីមួយនេះ បានទទួលសិទ្ធិវិនិយោគបូមប្រេងឆៅពីរាជរដ្ឋាភិបាល ដោយតពីក្រុមហ៊ុន ឆេវើរ៉ុន របស់អាមេរិកនិងបានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជាកាលពីអំឡុងខែ សីហា ២០១៧ ដោយនៅក្នុងកិច្ចសន្យានោះ ក្រុមហ៊ុន Kris Energy មានភាគហ៊ុន ៩៥% ចំណែករាជរដ្ឋាភិបាលមានភាគហ៊ុន ៥% លើចំណូលចេញពីការរុករកប្រេងក្នុងដែនសមុទ្រកម្ពជា ។

យ៉ាងណា ក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីមួយនេះ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនដោយបញ្ជាក់ដែរថា ក្រុមហ៊ុនកំពុងពិនិត្យមើលផែនការចង្វាក់ផលិតកម្មបស់ខ្លួនឡើងវិញ ក្រោមជំនួយរបស់ក្រុមហ៊ុនរបស់ប្រទេសហូឡង់មួយឈ្មោះ Sewell & Associates.Inc.( NSAI ) ដែលជាអ្នកវាយតម្លៃលើអណ្តូងទាំង៥ឡើងវិញ ដោយរំពឹងថា នឹងបញ្ចប់ការពិនិត្យដំបូងក្នុងខែ មេសា ២០២១នេះ ។

គេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយពីអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល ពិសេសអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅឡើយជុំវិញសេចក្តីប្រកាសបន្ទាន់របស់ក្រុមហ៊ុន Kris Energy ខាងលើ គិតត្រឹមម៉ោង១០យប់ថ្ងៃទី០២ មេសា ២០២១នេះ ៕