រាជធានីបាងកក៖ ក្រោយពេលមន្រ្ដីសង្ឃមួយបានសុគត ក្រោយការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca រួចមក ​ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋថៃមួយចំនួន ប៉ុន្ដែប្រធានមន្ទីរពេទ្យ បានប្រាប់ដល់សន្និសីទសារព័ត៌មានថា ការសុគតរបស់ព្រះសង្ឃអង្គនេះ មិនមែនបណ្ដាលមកពីការចាក់វ៉ាក់សាំងនោះឡើយ។

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចុះផ្សាយ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ថា ​លោកវេជ្ជបណ្ឌិត Chamni Chitriprasert ប្រធានមន្ទីរពេទ្យព្រះសង្ឃថៃ បានឲ្យដឹងថា ព្រះសង្ឃមួយអង្គ មានព្រះជន្មាយុ៧១ព្រះវស្សា បានសុគត រយៈពេល១ថ្ងៃ ក្រោយការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ AstraZeneca ​។ ប៉ុន្ដែការសុគតរបស់ព្រះសង្ឃអង្គនេះ ​បណ្ដាលមកពី​ជំងឺសរសៃឈាមរ៉ាំរ៉ៃរបស់ព្រះអង្គ ហើយវាមិនមែន​បណ្ដាលមកពីផលប៉ះពាល់ នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ខាងលើនេះឡើយ។​

លោកវេជ្ជបណ្ឌិត ​ប្រធានមន្ទីរពេទ្យព្រះសង្ឃថៃ បានបញ្ជាក់ថា លោកបានទទួលព័ត៌មានក្រៅផ្លូវការពីមន្ទីរពេទ្យប៉ូលិស ​ដោយបង្ហាញថា មិនមានការកកឈាម នៅក្នុងប្រព័ន្ធសរសៃឈាមរបស់ព្រះអង្គ មុនពេលសុគតនោះឡើយ។ ព្រះអង្គព្រះគ្រូ Pra Kru Siripanya Medhi ជំនួយការព្រះចៅអធិការវត្ត Wat Sampanthawong ស្ថិតក្នុងទីក្រុងបាងកក ធ្លាប់មានប្រវត្ដិ​អាពាធហើយចូលទៅព្យាបាល នៅក្នុងមន្ទីរពេទ្យព្រះសង្ឃថៃនេះ ​អស់រយៈពេលជាង១៥​ឆ្នាំមកហើយ។

លោកវេជ្ជបណ្ឌិត Chamni ប្រធានមន្ទីរពេទ្យព្រះសង្ឃ បានបន្ថែមថា មួយរយៈចុងក្រោយនេះ ព្រះអង្គត្រូវបានជំងឺធ្វើទុក្ខ ដោយសារទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ (ជំងឺលើសឈាម) និងកម្រិតជាតិខ្លាញ់ឡើងខ្លាំង ហើយការវិវឌ្ឍចុងក្រោយបំផុត គឺជំងឺបេះដូងរីក។ កាល​ពីឆ្នាំកន្លងទៅ ព្រះ​អង្គ​បាននិមន្តទៅគង់ព្យាបាល នៅឯក្រៅប្រទេស ហើយព្រះអង្គ ក៏មិនបានឆាន់ឱសថ ដូច​សព្វមួយដងនោះដែរ។​

លោកវេជ្ជបណ្ឌិត Chamni ប្រធានមន្ទីរពេទ្យព្រះសង្ឃថៃ បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានថា​៖ ករណីនេះ យើងមិនបានគិតថា វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ជាមូលហេតុ ធ្វើឲ្យព្រះអង្គ សុគតនោះដែរ។​

បើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩របស់ថៃ ហៅកាត់ CCSA បានឲ្យដឹងថា នៅក្នុងអំឡុងពេល ចន្លោះពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋ នៅក្នុងប្រទេសថៃ សរុប​ ១៦៦ ២៤៣នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩លើកទី១ ហើយពលរដ្ឋចំនួន ៣៧ ៤០៧នាក់ផ្សេងទៀត បានទទួលការចាក់វ៉ាក់សាំងលើកទី២។ ប៉ុន្ដែមាន​មនុស្សតែបួននាក់ប៉ុណ្ណោះ មានរោគសញ្ញាមួយចំនួន ប៉ុន្ដែពួកគេទាំងអស់បានជាសះស្បើយឡើងវិញហើយ ក្រោយពេលទទួលបាន​ថ្នាំ Antihistamine ​៕