បរទេស៖ ក្រោយពេលពួកយោធាភូមា បានបង្ក្រាបយ៉ាងឃោរឃៅ​ទៅលើប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់យ៉ាងរង្គាលនោះមក ជប៉ុនចាប់ផ្ដើមប្រើប្រាស់តួនាទីរបស់ខ្លួន ក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៣របស់ពិភពលោក ​លូកដៃ​​ចូល​ដោះស្រាយបញ្ហាវិបត្ដិនយោបាយ នៅក្នុងប្រទេសនេះ ហើយជប៉ុនគំរាមថា ប្រសិនបើភាគីជម្លោះទាំងអស់ មិនអាចដោះស្រាយគ្នាបាន​ ជប៉ុននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច​តែម្ដង។

សារព័ត៌មានរបស់ជប៉ុន NHK  បានផ្សាយថា លោក Motegi Toshimitsu រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានបញ្ជាក់ថា ​ជប៉ុននឹងជំរុញឱ្យពួកយោធាមីយ៉ាន់ម៉ា និងភាគីប្រឆាំងនឹង​រដ្ឋប្រហារ ងាកមកចូលរួម ក្នុងការសន្ទនាគ្នា ដើម្បី​ដោះស្រាយនូវភាពវឹកវរ ​ដែលកំពុងតែកើតមានឡើងនេះ។​

ប្រមុខការទូតជប៉ុនរូបនេះ បានថ្លែងទៅកាន់គណៈកម្មាធិការកិច្ចការបរទេសរបស់សភាជប៉ុន កាលពី​ថ្ងៃទី២ ខែ​មេសា ឆ្នាំ២០២១ ថា ​ជប៉ុននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរបបយោធាភូមា ប្រសិនបើពួកយោធា និងក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហារ មិនអាចឈានដល់ការដោះស្រាយបញ្ហាវិបត្ដិនយោបាយ ក្នុងប្រទេសនេះជាបន្ទាន់​​ទេ។ ប៉ុន្ដែបញ្ហាវិបត្ដិនេះ ក៏មិនអាច​ដោះស្រាយបាន ដោយងាយស្រួលនោះដែរ។​

លោករដ្ឋមន្រ្ដីក្រសួងការបរទេសជប៉ុន បានបន្ថែមថា ទោះជាយ៉ាងណា លោកក៏​មិនជឿថា ការដាក់ទណ្ឌកម្មនេះ នឹងទទួលបានផ្លែផ្កានោះដែរ ​ព្រោះប្រទេសដទៃទៀតកំពុងតែស្វះស្វែងជួយដោះស្រាយបញ្ហាវិបត្ដិ នៅក្នុងប្រទេសភូមានេះ។ ប៉ុន្ដែនៅទីបញ្ចប់ ក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហារនានា​ នៅក្នុងប្រទេសភូមា ចាំបាច់ត្រូវតែចូលរួម ក្នុងការសន្ទនា និងស្វែងរកផ្លូវ សម្រាប់ដំណោះស្រាយជាមួយនឹង​សហគមន៍អន្តរជាតិ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។

លោករដ្ឋមន្រ្ដីក្រសួងការបរទេសជប៉ុន បាន​បង្ហាញផ្លូវថា ​ជប៉ុននឹងធ្វើឲ្យប្រាកដ ចំពោះកិច្ច​ពិភាក្សាគ្នា រវាងពួកយោធា និង​គណបក្ស ដែលដឹកនាំដោយមេដឹកនាំ​ ដែលត្រូវចាប់ឃុំខ្លួន គឺលោកស្រី អ៊ុង សានស៊ូជី និងក្រុមចលនាសកម្មប្រយុទ្ធជនជាតិភាគតិចផ្សេងៗទៀត នៅក្នុងប្រទេសភូមា។

អង្គការសិទ្ធិមនុស្ស បានថ្លែងថា ពលរដ្ឋចំនួន៥៤៣នាក់ ត្រូវបានកងកម្លាំងសន្ដិសុខបាញ់សម្លាប់ ចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ រីឯអ្នកស្រុក នៅក្នុងតំបន់គ្រប់គ្រង ដោយក្រុម​ប្រដាប់អាវុធជនជាតិភាគតិចរដ្ឋការ៉េន នៅតែបន្ដភៀសខ្លួន ​គេចចេញពីការវាយប្រហារតាមផ្លូវអាកាសរបស់ពួកយោធារបស់លោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង​។

ក្រោយពេលមានការបង្រ្កាបយ៉ាងឃោរឃៅទៅលើប្រជាពលរដ្ឋភូមានោះ អង្គការសហប្រជាជាតិ សហរដ្ឋអាមរិក សហភាពអឺរ៉ុប និងសហគមន៍អន្ដរជាតិនានា រួមមាន ជប៉ុន អូស្រ្ដាលី កូរ៉េខាងត្បូង ​…ជាដើម បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ទៅលើពួកយោធា។ ជាមួយគ្នានេះដែរ នៅក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី កំពុងតែជំរុញឲ្យរបបយោធាភូមា បញ្ឈប់ជាបន្ទាន់នូវសកម្មភាពហិង្សានេះ ហើយត្រូវគិតអំពីសុខុមាលភាព និងសុវត្ថិភាពរបស់ជាចម្បង៕