បរទេស ៖ កាលពីថ្ងៃសុក្រ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) បានបញ្ជាក់ថា អ្នកដែលចាក់វ៉ាក់សាំងពេញលេញ(គ្រប់ដូស) ហើយ អាចធ្វើដំណើរដោយសុវត្ថិភាពនៅក្នុងសហរដ្ឋអាមេរិក ដោយមិនចាំបាច់ធ្វើតេស្ត មុនពេលឬក្រោយពេលធ្វើដំណើរ។

លោកស្រី Rochelle Walensky នាយក CDC បានប្រកាស ក្នុងសន្និសីទកាសែតរបស់ក្រុមឆ្លើយតបជំងឺកូវីដ-១៩របស់សេតវិមាន ថា អ្នកដែលចាក់វ៉ាក់សាំងពេញលេញ(គ្រប់ដូស) ហើយ អាចធ្វើដំណើរដោយសុវត្ថិភាព តែយ៉ាងណាត្រូវបន្តពាក់ម៉ាស រក្សាគម្លាតសង្គម២ម៉ែត្រ និងលាងដៃឲ្យបានទៀងទាត់ផងដែរ។ ចំណែក អត្រាឆ្លងកូវីដជាមធ្យមប្រចាំថ្ងៃ ក្នុងរយៈពេល៧ថ្ងៃចុងក្រោយ បានបន្តកើនឡើងហើយឥឡូវនេះ មានប្រហែល៦២,០០០ករណីថ្មីក្នុងមួយថ្ងៃ។

លោកស្រី Walensky បញ្ជាក់ថា មានតែ២០ភាគរយប៉ុណ្ណោះនៃប្រជាជនពេញវ័យរបស់សហរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ដូចនេះ សហរដ្ឋអាមេរិកនៅតែមានកិច្ចការជាច្រើនទៀតត្រូវធ្វើ ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩៕