បរទេស៖ ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងបង្ការកូវីដដ៏ល្បីល្បាញរបស់អាមេរិក ដែលចាក់តែមួយដូសនូវវ៉ាក់សាំងបង្ការកូវីដ១៩ តែពេលនេះ​បានបំផ្លាញវ៉ាក់សាំងនោះ រហូតដល់​១៥លានដូស។

សារព័ត៌មានរបស់រុស្ស៊ី RT បានផ្សាយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ថា ក្រុមហ៊ុន Johnson & Jonhson ដែលអភិវឌ្ឍវ៉ាក់សាំងបង្ការកូវីដ១៩ ដោយចាក់តែមួយដូសនោះ បាន​ខូចខាតវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន១៥លានដូស នៅក្នុងរោងចក្រ Baltimore ដោយសារការលាយសារធាតុផ្សំវ៉ាក់សាំងរបស់ក្រុមហ៊ុនផ្សេង។ ដូច្នេះក្រុមហ៊ុននេះ នឹងពន្យារពេលការចែកចាយ និងដឹកជញ្ជូន នៅក្នុងសហរដ្ឋអាមេរិក។​

ក្រុមហ៊ុនផលិតវ៉ាក់សាំង Johnson & Johnson បានជួលក្រុមហ៊ុន Emergent BioSolutions ​ផលិតធាតុផ្សំវ៉ាក់សាំងបង្ការកូវីដ-១៩ នៅក្នុងរោងចក្រ Baltimore ។ ប៉ុន្តែបុគ្គលិក នៅក្នុងរោងចក្រ បានលាយច្រឡំនូវធាតុផ្សំវ៉ាក់សាំងរបស់ក្រុមហ៊ុនផ្សេង ព្រោះនៅក្នុងរោងចក្រនេះបានផលិតវ៉ាក់សាំង ចំនួន២ប្រភេទផ្សេងគ្នា។  ដូច្នេះ​វ៉ាក់សាំងដែលបានផលិត ចំនួន១៥លានដូស ត្រូវតែបំផ្លាញចោលទាំងអស់ ទើបនាំឲ្យ​រាំងស្ទះដល់ការប្រគល់វ៉ាក់សាំង Johnson & Johnson នេះ។

ដោយសារតែករណីនេះ ទើបនាយកដ្ឋានគ្រប់គ្រងចំណីអាហារ និងឱសថ FDA អាមេរិក បានសម្រេចផ្អាកការផ្តល់លិខិតអនុញ្ញាតដល់ក្រុមហ៊ុន Emergent BioSolutions ដើម្បីផលិតវ៉ាក់សាំង Johnson & Johnson ។ ប៉ុន្ដែទោះជាយ៉ាងណា ​ក្រុមហ៊ុន Johnson&Johnson នៅតែ​ធ្វើការជាមួយក្រុមហ៊ុនEmergent BioSolutions និង FDA របស់អាមេរិក ដើម្បីដំណើរការវ៉ាក់សាំងនេះឡើងវិញ។

រហូតមកដល់ពេលនេះ ​​សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅមិនទាន់​ប្រតិកម្ម អ្វីជុំវិញបញ្ហានេះនៅឡើយ​។ ​វ៉ាក់សាំងបង្ការកូវីដ១៩របស់ក្រុមហ៊ុន Johnson & Johnson ត្រូវចាត់ទុក ជាអាវុធដ៏សំខាន់របស់រដ្ឋាភិបាល លោក ចូ បៃឌិន សម្រាប់ធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  ដែលកំពុងតែរាតត្បាត នៅក្នុងសហរដ្ឋអាមេរិក និងពិភពលោក។ វ៉ាក់សាំងបង្ការកូវីដ១៩របស់ក្រុមហ៊ុន Johnson & Johnson មានលក្ខណៈពិសេសជាង  ត្រង់ចាក់តែ១ដូសប៉ុណ្ណោះទៅលើមនុស្សម្នាក់ ខណៈវ៉ាក់សាំងផ្សេងចាក់ចំនួន២ដូស៕