បរទេស៖ រថភ្លើងមួយខ្សែ​បានរត់ខុសផ្លូវ ក្រឡាប់ នៅក្នុងតាមផ្លូវក្រោមដី បណ្ដាលឲ្យមានមនុស្សស្លាប់កើនឡើងដល់៣៦នាក់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅភាគខាងកើតកោះតៃវ៉ាន់។

បើតាមសារព័ត៌មាន Taiwan News បានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ជាថ្ងៃទី១នៃពិធីបុណ្យមួយរបស់ជនជាតិតៃវ៉ាន់ ហើយមានរថភ្លើងមួយខ្សែ លេខ៤០៨ បានបើកពី Shulin តៃវ៉ាន់ថ្មី ទៅកាន់តំបន់ Taitung ។ លុះមកដល់វេលាម៉ោង​​៩ និង២៨នាទីព្រឹក ថ្ងៃដដែល ខណៈ​រថភ្លើងបើកទៅដល់ផ្លូវក្រោមដី ​​Daqingshui  ស្រាប់តែជួបនឹងហេតុការណ៍ធ្លាក់ពីផ្លូវ ខណៈកំពុងដឹកអ្នកដំណើរ​ ចំនួន៣៥០នាក់។​

បើតាម​របាយការណ៍របស់ប៉ូលិសផ្លូវដែក បានឲ្យដឹងថា ​យ៉ាងហោចណាស់ មានមនុស្ស៣៦ នាក់បាន​ស្លាប់​។ រីឯអ្នកដំណើរចំនួន៧២នាក់ត្រូវបានគេជឿថា កំពុង​ជាប់នៅខាងក្នុងនោះ ហើយមនុស្សចំនួន៦១នាក់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ដោយឡែកមនុស្សជាង១០០នាក់ផ្សេងទៀត ត្រូវបានក្រុមជួយសង្រ្គោះ​នាំចេញពីកន្លែងកើតហេតុ។

សូមជម្រាបថា  កាលពីឆ្នាំ២០១៨ មានមនុស្សសរុប១៨នាក់បានស្លាប់ និង១៧៥នាក់បានរងរបួស ខណៈរថភ្លើងមួយខ្សែបានក្រឡាច់ ធ្លាក់ចេញពីផ្លូវ នៅភាគឦសាន នៃកោះតៃវ៉ាន់។ ករណីនេះត្រូវចាត់ទុកថា ​ជាគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុត ក្នុងរយៈពេល​៣ទសវត្សរ៍ចុងក្រោយ​នេះ នៅលើ​ដែនដីកោះតៃវ៉ាន់៕