បរទេស៖ ក្រោយពេលអង្គការសហប្រជាជាតិ បានព្រមានពីការបង្ហូរឈាម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយការបង្ក្រាបយ៉ាងព្រៃផ្សៃទៅលើប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្សជាង៥០០នាក់ស្លាប់នោះមក ​ក្រុមមេដឹកនាំរដ្ឋប្រហារយោធានៃប្រទេសនេះ បាន​ប្រកាសពីបទឈប់បាញ់គ្នា ជាឯកតោភាគី។

សារព័ត៌មាន CNN របស់អាមេរិក បានផ្សាយ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ថា ក្រោយពេល​ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣១ ខែមីនា បានពិភាក្សាអំពីការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្វើឲ្យរបបរយោធានេះ​ ​ប្រកាសពីបទឈប់បាញ់គ្នាជាមួយនឹងកងកម្លាំងបះបោរ នៅក្នុងប្រទេស ជាឯកតោភាគី។ ទោះជាយ៉ាងណា របបយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា ខ្លួននឹងបន្ដឆ្លើយតប ចំពោះសកម្មភាពនានា ដែលរំខានដល់សន្ដិសុខ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល។

បទឈប់បាញ់គ្នានេះ​ បាន​សំដៅទៅលើសកម្មភាពនានា ប្រឆាំងនឹងក្រុមចលនាប្រដាប់អាវុធរបស់ជនជាតិភាគតិចជាច្រើនក្រុម ដែលកំពុងតែប្រយុទ្ធកាន់តែខ្លាំងក្លាឡើង ចាប់តាំងពីពួកយោធាបានរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល នៅក្នុងអំពើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចាក់ផ្សាយតាមទូរទស្សន៍​ MRTV របស់រដ្ឋមីយ៉ាន់ម៉ា ​ពួកយោធាបានអំពាវនាវដល់ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចនានា ត្រូវតែរក្សានូវសន្ដិភាព។ ​ពួកយោធា បានបញ្ជាក់ថា កងទ័ពនឹងពន្យារពេលប្រតិបត្ដិការរបស់ខ្លួនជាឯកតោភាគី ចាប់ពីថ្ងៃទី១-៣០ ខែមេសា ឆ្នាំ២០២១។​

ក្រុមបាតុកករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានចេញមកតាមដងផ្លូវ ធ្វើបាតុកម្មប្រឆាំងនឹងការចាប់ឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) និងមន្រ្ដីសំខាន់ៗរបស់រដ្ឋាភិបាលស៊ីវិល អស់រយៈពេល២ខែកន្លងមកហើយ។​ ជាការឆ្លើយតបរបស់កងសន្ដិសុខ នៃរបបយោធាមីយ៉ាន់ បានវាយដំ ​ចាប់ឃុំខ្លួនជនស៊ីវិលតាមទំនើងចិត្ត ហើយរហូតឈានដល់ការបាញ់សម្លាប់យ៉ាងរង្គាលថែមទៀតផង។​ កាលពីថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ គឺជាការបង្ក្រាបយ៉ាងបង្ហូរឈាម បណ្ដាលឲ្យមនុស្សយ៉ាងតិច ១១៤នាក់ ត្រូវបានកងសន្ដិសុខបាញ់សម្លាប់។

​ចាប់តាំងពីថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ពួកយោធាបានបើកការវាយប្រហារ តាមអាកាសទៅលើរដ្ឋការ៉េន (Karen) ដោយបានបង្ខំឲ្យមនុស្សរាប់ម៉ឹននាក់ រត់ភៀសខ្លួន ចូលទៅក្នុងព្រៃ និងប្រទេសជិតខាង។​ ភូមិជាច្រើនត្រូវបានកំណត់គោលដៅ គ្រប់គ្រង ដោយសហភាពជាតិការ៉េន ហៅកាន់ KNU ហើយក៏ជាក្រុមចលនាប្រដាប់អាវុធ​ ដែលបានកាន់កាប់ដែនដីដ៏ធំមួយ នៅតំបន់ព្រំដែន។​ KNU ​ជាក្រុមចលនាប្រដាប់អាវុធមួយ ក្នុងចំណោមចលនាដទៃទៀត បានចេញមុខគាំទ្រដល់ក្រុមបាតុករ ហើយថ្កោលទោសយ៉ាងខ្លាំងដល់ការធ្វើរដ្ឋប្រហារយោធានេះ។​

ដោយឡែក លោកស្រី ​Christine Schraner Burgner ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសភូមា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានព្រមានដល់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ ថា «ការបង្ហូរឈាមបានមកដល់ហើយ និងជំរុញឲ្យសហគមន៍អន្ដរជាតិ ត្រូវតែក្រោកឡើង។ ពលរដ្ឋភូមាជាង៥២០នាក់ ត្រូវបានគេសម្លាប់ ចាប់តាំងពីការធ្វើរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

​លោកស្រី បានប្រាប់ដល់សមាជិកក្រុមប្រឹក្សា​សន្ដិសុខ​របស់អង្គការ​សហប្រជាជាតិ នៅក្នុងជំនួបផ្ទាល់ខ្លួនថា «សូមក្រឡេក​មើលទៅ​ដប់ឆ្នាំ​ក្រោយ បន្ទាប់ពីពេលនេះ តើប្រវត្តិសាស្រ្តនឹងវិនិច្ឆ័យ​លើភាពអសកម្មនេះបែបណា?

លោក Kyaw Moe Tun តំណាងអចិន្រៃ្ដយ៍របស់ប្រទេសភូមា ប្រចាំនៅអង្គការសហប្រជាជាតិ បានគូសបញ្ជាក់​ពីការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់ជនស៊ីវិល នៅក្នុងលិខិតមួយ ផ្ញើជូនលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ​​អំពាវនាវឲ្យមានសកម្មភាពជាក់ស្ដែង ដោយ​មិនមានការពន្យារពេល ដើម្បីស្ដារភាពជាអ្នកដឹកនាំលទ្ធិប្រជាធិបតេយ្យឡើងវិញ។​

លោក Kyaw Moe Tun បានបញ្ជាក់ នៅក្នុងលិខិតនោះថា ពលរដ្ឋភូមាមានអារម្មណ៍អស់សង្ឃឹម ហើយកំពុងស្វះស្វែងរកការជួយជាបន្ទាន់ ពីសហគមន៍អន្ដរជាតិ ដើម្បីសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់។​

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសហគមន៍អន្ដរជាតិ រួមមាន ជប៉ុន អូស្រ្ដាលី ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី ជាដើម កំពុងតែស្វះស្វែងគ្រប់មធ្យោបាយ ដើម្បីជួយដល់ប្រជាពលរដ្ឋភូមា៕