បរទេស៖ សារព័ត៌មាន Myanmar Now បានផ្សាយថា ផ្សារទំនើបចំនួន២កន្លែង ដែល​គ្រប់គ្រងដោយពួកយោធាមីយ៉ាន់ម៉ា ត្រូវបានភ្លើងឆាបឆេះអស់ កាលពីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅក្នុងទីក្រុងយ៉ាំងហ្គូន។

សារព័ត៌មានដដែល បានបន្ដថា អគ្គី​បានចាប់ផ្តើមឆាបឆេះ នៅក្នុងម៉ាត Ruby Mart នៅតាមផ្លូវ Bogyoke ស្ថិតក្នុងសង្កាត់ Kyauktada នៅក្នុងទីក្រុងយ៉ាំងហ្គូន កាលពី​វេលាម៉ោងប្រហែល២រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា។ បើតាមអ្នកស្រុក បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង៧ព្រឹក ផ្សារទំនើបទាំង២នោះត្រូវបានភ្លើងឆាបឆេះអស់​ទាំងស្រុង។

អ្នករស់នៅក្បែរ Ruby Mart បានឲ្យដឹងថា ​ជាន់ទាំង៤ នៃអគារផ្សារនោះ ត្រូវបានភ្លើងឆេះខូចខាតយ៉ាងខ្លាំង​។ ប៉ុន្តែ​​សណ្ឋាគារនៅក្បែរផ្សារទំនើប មិនត្រូវបានភ្លើងឆាបឆេះរាលដាលដល់នោះឡើយ។

មន្ត្រី​នាយកដ្ឋានពន្លត់អគ្គិភ័យ នៅទីក្រុងយ៉ាំងហ្គូន បានប្រាប់សារព័ត៌មាន Myanmar Now ថា លោកមិនអាចធ្វើអត្ថាធិប្បាយ អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះទេ។ ទាំងម៉ាត Ruby Mart និង ផ្សារទំនើប Gandamar ​​ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Shwe Gandamar International Trading ហើយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​MEHL ដែលគ្រប់គ្រងដោយពួកយោធាមីយ៉ាន់ម៉ា ។

ក្រុមហ៊ុនទាំង២នេះ ត្រូវបានសហរដ្ឋអាមេរិក និងអង់គ្លេស ប្រកាសដាក់ទណ្ឌកម្ម ក្រោយពេលពួកយោធាភូមា បានធ្វើរដ្ឋប្រហារ រឹបអូសអំណាច និងបង្ក្រាបទៅលើក្រុមបាតុករ ដែលគ្មានអាវុធ នៅក្នុងដៃយ៉ាងសាហាវព្រៃផ្សៃ បណ្ដាលឲ្យមានអ្នកស្លាប់ជាង៥០០នាក់ ចាប់តាំងពីការធ្វើរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១​។ រីឯផ្សារ​ទំនើប​ទាំងនេះស្ថិតក្នុងចំណោមអាជីវកម្មជាច្រើនទៀត ត្រូវបានធ្វើពហិការ​ដោយដៃគូ​ភាគហ៊ុន ដែលប្រឆាំងនឹង​រដ្ឋប្រហារ ព្រោះវា​មានការជាប់ទាក់ទងជាមួយពួកយោធាមីយ៉ាន់ម៉ា (ភូមា)។

ទោះជាយ៉ាងណា គេមិនទាន់ដឹងអំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះនៅឡើយ ព្រោះករណីនេះបានកើតឡើង នៅក្នុងអំឡុងពេលមានបម្រាមគោចររបស់របបយោធាមីយ៉ាន់ម៉ា ហើយប្រជាពលរដ្ឋ ក៏មិនបានដើរ ដោយសេរី នៅក្នុងអំឡុងពេលនោះដែរ៕