ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី​៣០ មីនា ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន​៤០០ កេស​ផ្សេង​ទៀត​​ ដល់​​មណ្ឌល​សុខភាពសាមគ្គី មណ្ឌលសុខភាពបឹងធំ មណ្ឌល​សុខភាពព្រៃវែង និងមណ្ឌលសុខភាពស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ សម្រាប់​គ្រូពេទ្យពិសា និង​ចែកជូនពលរដ្ឋ​ ដែល​អញ្ជើញ​មក​ទទួល​វ៉ាក់សាំងបង្ការ​វីរុស​កូវីដ-១៩។

លោក​​បណ្ឌិត​​ អ៊ឹម សុធារិទ្ធ ​នាយក​​​ទំនាក់​​ទំនង​​​សាធារណៈ​​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​មាន​​​ប្រសាសន៍ថា ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែល​កំពុង​ដំណើរការយ៉ាងសកម្មក្នុងការបរិច្ចាគទឹកបរិសុទ្ធដល់ស្ថាប័ននានា ជាពិសេស​មន្ទីរ​ពេទ្យ និង​អធិការដ្ឋាននគរបាល ​​​ដែល​កំពុងបំពេញ​បេសកកម្មទប់​ស្កាត់​ការ​​ឆ្លង​រាល​ដាល​នៃ​​​វីរុស​កូវីដ-១៩​។​

លោកស្រី វេង សំបុល ប្រធានមណ្ឌលសុខភាពសាមគ្គី បានមានប្រសាសន៍ថា មន្ទីរ​​ពេទ្យ​​លោក​ស្រី​ មិន​មានលទ្ធភាព​​ទិញ​ទឹកបរិ​សុទ្ធ​ជូនអ្នក​មក​ទទួល​សេវា​នៅ​​មន្ទីរ​​ពេទ្យ​​នេះ​​​ឡើយ។ ប៉ុន្តែ​ការ​​បរិច្ចាគទឹក​បរិសុទ្ធ​របស់​​​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស ធ្វើ​ឲ្យ​មន្ទីរ​​ពេទ្យ​​លោក​​ស្រី​មាន​ឱកាស​ផ្ដល់​សេវាកម្ម​ឲ្យកាន់​តែ​ប្រសើរ​ជាង​មុន តាម​រយៈ​ការ​​​មាន​ទឹក​​បរិសុទ្ធចែកជូន​ពលរដ្ឋកម្ពុជា​​​​​ពិសា ខណៈ​​កំពុង​អង្គុយរងចាំទទួល​វ៉ាក់​សាំង។

ត្រឹមរយៈពេល​២​ថ្ងៃ គឺថ្ងៃទី​២៩ និង​៣០ ខែ​មីនា ឆ្នាំ​២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​បាន​ឧបត្ថម្ភ​ដល់មន្ទីរ​ពេទ្យចំនួន​៨​​ ក្នុងចំណោមមន្ទីរ​ពេទ្យទាំង​១៣ ក្នុងខណ្ឌទាំង​១៤ របស់រាជធានីភ្នំពេញ។ ក្រុមហ៊ុននឹងបន្តចែកជូនមន្ទីរ​ពេទ្យចំនួន​៥​បន្ថែមទៀតនាពេលខាងមុខ។

សូមជម្រាបជូន​ថា ក្រុមហ៊ុន ​ខ្មែរ ​ប៊ែ​វើ​រី​ជី​ស គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន​ ​ជីប ​ម៉ុង ដែល​ជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា វិនិយោគ​លើ​​ច្រើន​វិស័យ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផលិត​ស្រាបៀរ កម្ពុជា ស្រាបៀរ Kudo ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និង​ទឹក​បរិសុទ្ធ កម្ពុជា ដែល​សុទ្ធ ​តែជាផលិតផល​មាន​ការគាំទ្រខ្លាំង​នៅក្នុងទីផ្សារ៕