ក្រុមអ្នកវីរុសសាស្រ្តរបស់អង្គការសុខភាពពិភពលោក(WHO) ដែលបានធ្វើបេសកកម្មទៅកាន់ទីក្រុងវូហាន(Wuhan) ប្រទេសចិនកាលពីពេលថ្មីៗនេះ ដើម្បីសិក្សាស្វែងរកប្រភពនៃជំងឺកូវីដ១៩ បានថ្លែងថា ដំណាក់កាលបន្ទាប់នៃការស្វែងរកប្រភពវីរុសនេះ គួរបញ្ចូលតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។​ដំបូន្មានរបស់ក្រុមវីរុសសាស្រ្តនៃអង្គការសុខភាពពិភពលោក គឺត្រូវតាមដានសត្វប្រជៀវ ព្រោះសត្វប្រជៀវខ្លះ គឺមានផ្ទុកអំបូរវីរុសកូរ៉ូណា ដែលអាចជាប្រភពនៃវីរុសកូវីដ១៩ ។

បើតាមក្រុមអ្នកវិទ្យាសាស្រ្តខាងវីរុសរបស់ WHO បាននិយាយពន្យល់ឲ្យដឹងទៀតថា វីរុសដែលមានអំបូរជិតស្និទ្ធនឹងវីរុសជំងឺកូវីដ១៩នេះ មានហ្សែនដូចគ្នាប្រហែល៩៦% គឺជាវីរុសកូរ៉ូណាមួយប្រភេទទៀត ដែលអ្នកវិទ្យាសាស្រ្តបានរកជើញកាលពីដើមឆ្នាំមុននៅក្នុងខេត្តយូណាន(Yunnan) ស្ថិតនៅភាគខាងត្បូងប្រទេសចិន ។

ជាមួយគ្នានេះ ការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះ បានរកឃើញវីរុសបន្ថែមទៀតនៅក្នុងប្រទេសថៃ និងកម្ពុជា ។ វីរុសទាំងនេះស្ទើរតែស្រដៀងគ្នាទៅនឹងវីរុសដែលគេរកឃើញនៅក្នុងខេត្តយូណាន ។ ក្រៅពីកម្ពុជា និងថៃ ប្រទេសឡាវ វៀតណាម និងភូមា ក៍ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តខាងវេជ្ជសាស្រ្តរបស់ WHO បានផ្តល់យោបល់ឲ្យមានការសិក្សាស្រាវជ្រាវរកប្រភពនៃមេរោគកូវីដ១៩ផងដែរ ។

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលកម្ពុជានិងមានការចូលរួមពីមន្រ្តីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងនោះ បានច្រានចោលរួមគ្នាថាមេរោគដែលបានរកឃើញនៅក្នុងសត្វប្រជៀវកាលពីឆ្នាំ២០១០នោះ មិនមែនជាមេរោគកូរ៉ូណានោះទេ វាគ្រាន់តែស្រដៀងគ្នាប៉ុណ្ណោះ ៕