បរទេស៖ ក្រោយរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលភូមា បានចាត់ទុកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ជាថ្ងៃដ៏បង្ហូរឈាមខ្លាំងបំផុត នៅក្នុងប្រទេសភូមា ហើយថ្ងៃនោះដែរ មេដឹកនាំរដ្ឋប្រហារ បានរៀបចំពិធីជប់លៀងយ៉ាងសប្បាយបំផុតផងដែរ។

លោក Min Aung Hlaing មេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា (ភូមា) បានរៀបចំពិធីជប់លៀងអាហារពេលល្ងាចយ៉ាងអធិកអធមបំផុត កាលពីយប់ ថ្ងៃសៅរ៍ ក្រោយកងសន្ដិសុខភូមា បានបាញ់សម្លាប់មនុស្សយ៉ាងរង្គាល កើនឡើងជាង១០០នាក់។  ថ្ងៃទិវាកងទ័ពរបស់ភូមា នាពេលនេះ គឺជាថ្ងៃបង្ហូរឈាមប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងខ្លាំង ចាប់តាំងពីមេទ័ព មីន អ៊ុងឡាំង បានបញ្ជាឲ្យកងទ័ពធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋ និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលស៊ីវិល ជាច្រើនរយនាក់ផ្សេងទៀត កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។​

លោកឧត្តមសេនីយ៍ បានស្លៀកពាក់​ឯកសណ្ឋានយោធាពណ៌ស ដើរលើកម្រាលព្រំពណ៌ក្រហម ហើយស្វាគមន៍ភ្ញៀវ ក្នុងកម្មវិធីអាហារពេលល្ងាច ត្រូវបានគេបង្ហោះលើបណ្តាញសង្គម កាលពីចុងសប្តាហ៍មុននេះ។

បណ្ដាញទូរទស្សន៍ CNN បានផ្សាយថា កម្មវិធីអាហារពេលល្ងាចផឹកស៊ីយ៉ាងសប្បាយនេះ ត្រូវបានធ្វើឡើង សម្រាប់អបអរទិវាកងកម្លាំងប្រដាប់អាវុធ ដែលរំឭកដល់ការចាប់ផ្តើម នៃចលនាតស៊ូរបស់មីយ៉ាន់ម៉ា ប្រឆាំងការកាន់កាប់របស់ជប៉ុន នៅអំឡុងសង្គ្រាមលោកលើកទី២។

ដោយឡែក សារព័ត៌មាន BBC បានផ្សាយថា នៅក្នុងពិធីជប់លៀងនោះ មានភ្ញៀវមកពីតំណាងប្រទេស ចំនួន៨បានចូលរួម រួមមាន រុស្ស៊ី, ចិន, ឥណ្ឌា, ប៉ាគីស្ថាន, បង់ក្លាដែស, វៀតណាម, ឡាវ និងថៃ។ ថ្ងៃទិវាកងទ័ពមីយ៉ាន់ម៉ានោះ កងសន្ដិសុខបានបាញ់សម្លាប់ប្រជាពលរដ្ឋ​ យ៉ាងតិច១១៤នាក់ ហើយក្នុងនោះមានកុមារផងដែរ​។

ដោយឡែកអង្គការសហប្រជាជាតិ បានរាយការណ៍ថា ​ចំនួនអ្នកស្លាប់​១០៧នាក់ ខណៈ​ទូរទស្ស​ន៍ Myawaddy TV ​គ្រប់គ្រងដោយយោធា បានផ្សាយថា អ្នកស្លាប់មានត្រឹមតែ៤៥នាក់ប៉ុណ្ណោះ។

អំពើឃោរឃៅនេះ បានធ្វើឲ្យអង្គការសហប្រជាជាតិ ប្រទេសមហាអំណាចលោកខាងលិច និងសហគមន៍អន្ដរជាតិ រួមមាន ជប៉ុន កូរ៉េខាងត្បូង អូស្រ្ដាលី …ជាដើម បានថ្កោលទោសយ៉ាងខ្លាំងទៅលើរបបយោធាភូមា។

ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា «ពិតជាគួរឲ្យរន្ធត់​ណាស់។ ​វាពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់។ បើផ្អែកលើរបាយការណ៍ដែលខ្ញុំទទួលបាន មនុស្ស​ជាច្រើននាក់ត្រូវបានសម្លាប់។

​​ជាមួយគ្នានេះ ប្រមុខការទូតជប៉ុន បានថ្លែងទៅកាន់ប្រមុខការទូតឥណ្ឌូនេស៊ី ថា ជប៉ុន និងឥណ្ឌូនេស៊ី ត្រូវតែធ្វើការឲ្យជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយលើវិបត្ដិនៅភូមានេះ។ ក្រៅពីនេះ លោក Toshimitsu Motegi រដ្ឋមន្រ្ដីការបរទេសជប៉ុន បានប្រាប់ទៅសមភាគីឥណ្ឌូនេស៊ីថា​​ ទីក្រុងតូក្យូ ​បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សា នៅតែបន្ដកើតមានឡើង ប្រឆាំងនឹងក្រុមអ្នកតវ៉ាអហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទន្ទឹមគ្នានេះដែរ លោករដ្ឋមន្រ្ដីបានគាំទ្រដល់ប្រជាជាតិអាស៊ាន ត្រូវកោះប្រជុំជាបន្ទាន់ ដើម្បីដោះស្រាយលើបញ្ហាភូមានេះ។

បើតាមសមាគមជំនួយអ្នកទោសនយោបាយ  (AAPP) បានឲ្យដឹងថា គិតត្រឹឹម ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកស្លាប់ នៅក្នុងការបង្ក្រាប ចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារយោធានោះមក បានកើនឡើងដល់ ជាង៥០០នាក់ ហើយពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត បានរត់ភៀសខ្លួនទៅកាន់ព្រំដែនជាប់ប្រទេសថៃ៕