ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ល្បីមួយនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី​២៩ មីនា ២០២១ ចាប់ផ្តើមបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ​១៣០០​កេស​​ដល់មន្ទីរ​ពេទ្យចំនួន​​១៣​ ក្នុងខណ្ឌទាំង​១៤ របស់​រាជធានី​ភ្នំពេញ ដែល​​រដ្ឋាភិបាល​​កំណត់ជាកន្លែងសម្រាប់ផ្តល់វ៉ាក់សាំង AstraZeneca ជូន​មនុស្ស​ចាស់អាយុ​៦០​ឆ្នាំឡើង​ទៅ។

ក្រុមហ៊ុននឹងធ្វើការចែកទឹកបរិសុទ្ធ កម្ពុជា ចំនួន​១៣០០​កេសខាងលើ រយៈពេល​១​សប្តាហ៍។ ក្នុងនោះ មន្ទីរ​ពេទ្យនីមួយៗ​នឹងទទួលបាន​ទឹកបរិសុទ្ធ​ កម្ពុជា ចំនួន​១០០​កេស​ សម្រាប់ប្រើប្រាស់ក្នុងមន្ទីរ​ពេទ្យ និងចែក​ជូន​​ពលរដ្ឋ​ដែលអង្គុយរង់​ចាំ​ទទួលវ៉ាក់សាំង។

សម្រាប់ថ្ងៃទី​២៩ មីនា ទឹកបរិសុទ្ធ កម្ពុជា ចំនួន​៤០០​កេស ត្រូវបានចែកជូនដល់មន្ទីរ​ពេទ្យចំនួន​៤​​រួច​មកហើយ រួម​មាន​មណ្ឌលសុខភាព​ផ្សារ​ដើម​ថ្កូវ មណ្ឌលសុខភាពជ្រោយចង្វារ មណ្ឌលសុខភាពទួលគោក និងមន្ទីរ​ពេទ្យ​បង្អែក​ចតុមុខ។

 

លោក​​បណ្ឌិត​ អ៊ឹម សុធារិទ្ធ ​នាយក​​​ទំនាក់​​ទំនង​​​សាធារណៈ​​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​មាន​​​ប្រសាសន៍ថា៖ «​ក្រុម​គ្រូពេទ្យបានលះ​បង់​ធំធេង​ណាស់​ ដើម្បី​​ការពារអាយុជីវីតរបស់ប្រជាពលរដ្ឋ​កម្ពុជា​ពី​វីរុស​កូវីដ​-១៩។ តាមរយៈការបរិច្ចាគនេះ ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស សង្ឃឹម​ថា​នឹងអាចចូលរួម​ជួយ​សម្រាលការលំបាក​ខ្លះ​ៗ​របស់​ក្រុមគ្រូពេទ្យ​ ដើម្បី​បន្ត​​បំពេញ​កាតព្វកិច្ចចាក់​វ៉ាក់សាំង​ជូន​​​​ប្រជាពល​រដ្ឋ»។

លោកស្រី ចេក សុធី អនុប្រធានមណ្ឌលសុខភាព​ផ្សារ​ដើមថ្កូវ មានប្រសាសន៍ថា៖ «ពីមុនមក មណ្ឌលសុខភាព ផ្សារដើមថ្កូវ មិនដែលទទួល​បាន​ការឧបត្ថម្ភទឹកសុទ្ធនោះទេ ទើបតែថ្ងៃនេះ ពេលនេះ ព្រឹកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានជួយឧបត្ថម្ភចំនួន​១០០កេស​។ ពួក​យើងពិតជាត្រូវការទឹកបរិសុទ្ធ​ជា​ចាំបាច់​​​សម្រាប់​រយៈពេល​១៦​​ថ្ងៃ»។

គួរបញ្ជាក់ថា ការបរិច្ចាគទឹក​បរិសុទ្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​​​​គឺ​​ជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងគោលបំណងលើកទឹកចិត្ត និងសម្រាល​ការលំបាក​ដល់ស្ថាប័ន ដែល​កំពុងបំពេញ​បេសកកម្ម​រំដោះ​កម្ពុជា​​ចេញ​ពី​វីរុស​​ដ៏​កំណាច​​នេះ៕