បរទេស៖ ប្រជាពលរដ្ឋតង់ហ្សានី បាននាំគ្នាទៅចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោក John Magufuli ប្រធានាធិបតី នៃប្រទេសនេះ ស្រាប់តែជួបនឹងហេតុការណ៍ដ៏អាក្រក់ ប្រជ្រៀតជាន់ជើងគ្នា ស្លាប់យ៉ាងហោចណាស់៤៥នាក់ស្លាប់ និងរងរបួសជិត៤០នាក់ នៅក្នុង​ពហុកីឡដ្ឋាន ​ទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី (Tanzania) ។

សារព័ត៌មានក្នុងស្រុក បានផ្សាយ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថា ​ប្រធានាធិបតីតង់ហ្សានី លោក John Magufuli ​បានស្លាប់ កាលពីថ្ងៃទី១៧ ខែមីនា ក្នុងវ័យ៦១ឆ្នាំ នៅមន្ទីរពេទ្យ Dar es Salaam ​ដោយសារជំងឺបេះដូង​។ ប៉ុន្ដែក្រុមប្រឆាំងរបស់ប្រទេសនេះ បានលើកឡើងថា លោកប្រធានាធិបតី បានឆ្លងជំងឺកូវីដ-១៩ ហើយស្លាប់ដោយសារមេរោគដ៏កំណាចនេះ ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលលោកប្រធានាធិបតីស្លាប់ គឺនៅទូទាំងប្រទេសបានធ្វើពិធីកាន់ទុក្ខ អស់រយៈពេល១៤ថ្ងៃ ដោយបង្ហូតទង់ជាតិ ត្រឹមពាក់កណ្ដាល។ រហូតគម្រប់១៤ថ្ងៃហើយ សពរបស់លោកប្រធានាធិបតី ត្រូវបាន​ដង្ហែទៅកាន់​​ពហុកីឡដ្ឋាន Uhuru ដើម្បីគោរពវិញ្ញណក្ខន្ធលោក និងបង្ហាញពីការគោរពស្រឡាញ់របស់ពលរដ្ឋ។ ប៉ុន្ដែដោយសារ​មានមនុស្ស​ច្រើន បានទៅចូលរួម គួបផ្សំនឹង​បុគ្គលមួយចំនួនខ្វះការអត់ធ្មត់ ហើយព្យាយាមប្រជ្រៀតចូលទៅកាន់ពហុកីឡដ្ឋាន ​តាមផ្លូវផ្សេង ដោយមិនចូលតាមទ្វារធំ ទើបបង្កឲ្យមានហេតុការណ៍ដ៏អាក្រក់​ ជាន់គ្នាស្លាប់យ៉ាងតិច៤៥នាក់ និង​៣៧នាក់ផ្សេងទៀតរងរបួស។

បើតាមច្បាប់រដ្ឋធម្មនុញ្ញ នៃប្រទេសតង់ហ្សានី គឺ​លោកស្រី Samia Suluhu Hassan​​អនុប្រធានាធិបតី ត្រូវ​ដឹកនាំប្រទេសជំនួសអតីតប្រធានាធិបតី ដែលបានស្លាប់។ ​លោកស្រី Hassan នឹងបន្តដឹកនាំប្រទេស រហូតដល់បញ្ចប់អាណត្តិ៥ឆ្នាំ នៅឆ្នាំ២០២៥៕