រាជធានីភ្នំពេញ÷ នគបាលស្រុកលើកដែកឃាត់ខ្លួនជនជាតិចិន២នាក់ និងជនជាតិខ្មែរជាតៃកុងឡានម្នាក់ក្រោយជួបគ្រោះថ្នាក់ចរាចរទើបដឹងថាលួចឆ្លងដែនខុសច្បាប់។

យោងតាមរបាយការណ៍របស់នគរបាលស្រុកលើកដែកបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទីនៅ ចំណុចផ្លូវជាតិលេខ១ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ឃាត់ខ្លួនមនុស្សចំនួន៣នាក់ភេទៈប្រុសគឺជនជាតិចិនចំនួន២នាក់ និងអ្នកបើកបររថយន្តជាជនជាតិខ្មែរ ចំនួន១នាក់ និងរថយន្តចំនួន១គ្រឿង ។ ជនជាតិចិនចំនួន២នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះLIU ZHI GIANG ភេទប្រុស កើតថ្ងៃទី០២.០៦.១៩៩១ (គ្មានលិខិតឆ្លងដែន)
២-ឈ្មោះLIU GUANG TUI ភេទប្រុស កើតថ្ងៃទី០៥.០៨.១៩៨៥(គ្មានលិខិតឆ្លងដែន) និងជនជាតិខ្មែរចំនួន១នាក់
ឈ្មោះ សៅ វិច្ឆ័យ ភេទប្រុសកើតថ្ងៃទី១០.០២.១៩៨៤ (ជាអ្នករត់តាក់ស៊ី) ឃាត់រថយន្តចំនួន១គ្រឿងម៉ាក LEXUS300ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ2AP-2663។

នៅរសៀលថ្ងៃថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកបន្តគ្នា ទិសដៅស្របគ្នា ពីអ្នកលឿងទៅភ្នំពេញ នៅចំណុចលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៥៨-៥៩ នៅភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល
មិនមានអ្នករងរបួសឡើយ។

នៅពេលនោះកម្លាំងបានចុះត្រួតពិនិត្យកន្លែងកើតហេតុបានឃើញរថយន្តចំនួន៣គ្រឿងគ្រោះថ្នាក់ចរាចរ ដឹកភ្ញៀវជាជនបរទេសក្នុងនោះ ៖
-រថយន្តចំនួន២គ្រឿងដឹកជនបរទេស ជនជាតិវៀតណាមចំនួន១៣នាក់ ស្រីចំនួន១១ នាក់ និងរថយន្តចំនួន១គ្រឿងទៀតដឹកជនបរទេសជនជាតិ ចិន ចំនួន២នាក់ ប្រុសចំនួន២នាក់ ធ្វើដំណើរមកពីក្រុងបាវិត ខេត្តស្វាយរៀង ឆ្ពោះទៅភ្នំពេញ ។ នៅពេលនោះកម្លាំងយើងបានហៅជនបរទេសទាំងនោះមកសាកសួរនិងត្រួតពិនិត្យ ឯកសារ ឃើញថា:

-ជនបរទេសជនជាតិៈវៀតណាមទាំង១៣នាក់ ស្រីចំនួន១១នាក់ មានលិខិតឆ្លងដែន ដែលវាយត្រាចូលកម្ពុជានៅថ្ងៃទី ១០.០៣.២០២១ និងឯកសារបញ្ជាក់ពីកន្លែងចត្តាឡីស័កនៅតំបន់ព្រំដែនបាវិតត្រឹមត្រូវ ។ រួចមកសុំ គោលការណ៍លោកស្នងការសម្រេចឱ្យជនបរទេសជនជាតវៀតណាមទាំងនោះ គាត់បន្តដំណើរទៅភ្នំពេញ ។

ដោយឡែកជនបរទេស ជនជាតិៈចិនចំនួន២នាក់ ដែលគ្មានលិខិតឆ្លងដែន និងអ្នកបើកបររថយន្តចំនួន០១នាក់ដែលមានឈ្មោះខាងលើ កម្លាំងយើងបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកាសាងឯកសារជំនាញ រួចបញ្ជូនខ្លួនទៅការិយាល័យអនុវត្តនីតិវិធីខេត្តរួចអស់ហើយ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់ ។

បញ្ជាក់៖ ចំពោះរថយន្តដែលជាមធ្យោបាយដឹក គឺនៅរក្សាទុកបណ្តោះអាសន្តនៅអធិការដ្ឋាននគរបាលស្រុកលើកដែក នៅឡើយ៕