រាជធានីភ្នំពេញ៖​ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកំណត់ក្នុងប្រកាសថ្មី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ថា ពេលស្ថិតនៅទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី២នាក់ឡើយទៅ ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស់។

ប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា បើបុគ្គលណា មិនពាក់មាស់ ក្នុងទីសាធារណៈ ឬក្នុងកន្លែងដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ បុគ្គលនោះ នឹងត្រូវទទួលទណ្ឌកម្ម តាមអនុក្រឹត្យលេខ៣៧ អនក្រ.កប ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩។ បើតាមអនុក្រឹត្យលេខ៣៧ អនក្រ.កប បុគ្គល មិនពាក់ម៉ាស់ នៅទីកន្លែង ដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ ដូចការកំណត់របស់ក្រសួងសុខាភិបាល នឹងត្រូវទទួលការព្រមានសិន សម្រាប់កំហុសលើកទី១ ហើយបើនៅតែបំពាន់លើកទី២ នឹងប្រឈមការពិន័យប្រាក់ពី២សែនរៀល ទៅ១លានរៀល។

មានប្រភេទបុគ្គលមួយចំនួន ដែលត្រូវលើកលែង ដូចជា កុមារអាយុក្រោម៦ឆ្នាំ ដែលមិនមានជំងឺកូវីដ-១៩, បុគ្គល ដែលមិនអាចពាក់ម៉ាស់ ដោយមូលហេតុសុខភាព ដោយមានការបញ្ជាក់ពីគ្រូពេទ្យ, បុគ្គល ដែលរស់នៅក្នុងលំនៅឋានឯកជនជាមួយ ក្នុងអំឡុងនៃការជួបជុំគ្នាក្នុងលំនៅឋាននោះ, កីឡាករ-កីឡាការិនី ដែលកំពុងហាត់សម ឬកំពុងប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាផ្លូវការ។

បន្ថែមពីនេះ មានកាលៈទេសៈខ្លះ ក៏ត្រូវលើកលែងដែរ រួមមាន ពេលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនតែម្នាក់ឯង ឬជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា, ក្នុងកាលៈទេសៈ ដែលតម្រូវឲ្យដោះម៉ាស់ជាចាំបាច់ ដើម្បីបង្ហាញអត្តសញ្ញាណបុគ្គល ឬដើម្បីទទួលសេវាសុខាភិបាល ឬសេវាចាំបាច់ផ្សេងទៀត, ពេលបរិភោគអាហារ ពេលពិសាទឹក និង ពេលថតរូប សម្រាប់ប្រើប្រាស់ ដើម្បីសម្គាល់អត្តសញ្ញាណក្នុងឯកសារផ្លូវការ។ ផ្អែកតាមប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រភេទបុគ្គលខាងលើ ឬបុគ្គលដែលស្ថិតក្នុងកាលៈទេសៈទាំងនោះ នឹងមិនត្រូវរងការពិន័យប្រាក់ឡើយ ៕