ភ្នំពេញ ៖ ក្រោយពីម្តាយជាទីស្រឡាញ់របស់កញ្ញា វី ឌីណែត បានលាចាកលោកនេះព្រោះតែជំងឺកូវីដ១៩ បានធ្វើឲ្យបណ្តាមហាជន រួមទាំងមិត្តរួមសិល្បករទាំងអស់មានការរន្ធត់ចិត្តជាខ្លាំង និងហាក់នឹកស្មានមិនដល់ថាម្តាយរបស់កញ្ញាមានសភាពធ្ងន់ធ្ងរដល់ម្លឹង ដែលធ្វើឲ្យគាត់មិនអាចទ្រាំទ្រនឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ។

បន្ទាប់ពីរឿងរ៉ាវដ៏អកុសលមួយនេះបានកើតឡើងរួចមក នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះគេបានឃើញកញ្ញា វី ឌីណែត ចេញមុខមកបង្ហើរសំនៀងយ៉ាងកម្សត់ដែលអាចចាក់ដោតដល់បេះដូងអ្នកស្តាប់ទាំងឡាយ។ អត្ថន័យដ៏ជ្រាលជ្រៅនៃបទចម្រៀងរបស់កញ្ញា ចង់បង្ហាញពីការនិរាសព្រាត់អ្នកម្តាយជាទីស្រឡាញ់​ដែលបានទទួលមរណភាពព្រោះតែជំងឺកូវីដ១៩ និងធ្វើឲ្យកញ្ញា រួមទាំងលោកពុកត្រូវបាត់បង់ម្តាយ បាត់បង់ភរិយាក្នុងវេលាដ៏លឿនបំផុតនិងនឹកស្មានមិនដល់។ ក្នុងការបង្ហើរសំនៀងត្អូញត្អែរយ៉ាងកម្សត់នេះដែរ ក្នុងបទចម្រៀងដ៏មានខ្លឹមសារមួយនោះក៏បានបង្កប់សារអប់រំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារសុខាភាព និងអាយុជីវិតពីជំងឺឆ្លងរីករាលដាលមួយនេះដោយត្រូវអនុវត្តតាមវិធានការក្រសួងសុខាភិបាល និងតាមអនុសាន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដែលមានឈ្មោះថា ៣កុំ និង៣ការពារ ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។

យ៉ាងណាមិញបើផ្អែកនៅលើគណនីហ្វេសប៊ុកផេករបស់លោក ហេង ឡុង បានសរសេរបង្ហោះយ៉ាងដូច្នេះថា “កញ្ញា វី ឌីណែត សូមឧទ្ទិសកុសលបទនេះជូនអ្នកម្តាយដែលបានចាកឆ្ងាយលែងត្រឡប់ដោយជម្ងឺកូវីដ-19 និងសូមផ្ញើជូនសិល្បករសិល្បការិនី និងបងប្អូនដែលបានឆ្លងជំងឺកូវីដ-19 ទាំងអស់🙏🙏
កញ្ញាបានប្រាប់ថា អ្នកម្ដាយរបស់គាត់ចូលចិត្តលំនាំបទនេះខ្លាំងណាស់😭😭
បទៈ លែងមានម៉ែហៅ
ផលិតដោយ៖ លោក ហេង ឡុង
និពន្ធទំនុកច្រៀង៖ ឯកឧត្តម ហ៊ឹម សុភា (នភា)
ច្រៀងដោយ៖ វីឌីណែត
លំនាំបទ(មរតកដើម)៖ខ្យល់កំពូលភ្នំ
បច្ចេកទេសសំលេង និង វិដេអូ៖ប៊ូ វណ្ណមុនីរ័ក្ស
Studio: Home of Music
សូមមេត្តាអនុវត្តន៍នូវវិធានសុខាភិបាល
៣កុំ ៣ការពារ”៕

សូមអញ្ជើញប្រិយមិត្តរីករាយសណ្តាប់បទ លែងមានម៉ែហៅ ដូចខាងក្រោម៖

ប្រភព៖ Komsan News