ខេត្តប៉ៃលិន៖ គ្រូពេទ្យម្នាក់បានសរសេរ រៀបរាប់ពីការលំបាក តែ ប៉ុន្មានបន្ទាត់ នៅលើគណនីហ្វេសប៊ុក  ត្រូវលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បណ្ដេញចេញពីការងារ ហើយត្រូវបាន​មហាជន​លើក​ឡើងថា នេះជារឿងអយុត្ដិធម៌ សម្រាប់គាត់។​

លោក ខឹម មុនីកុសល ​មន្ត្រី​ការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុ​ខាភិបាល​​ខេត្តប៉ៃលិន បាន​​បង្ហោះសារ នៅលើគណនីបណ្ដាញ​សង្គមហ្វេសប៊ុក​ «Khem Monykosal» ៖​ «បញ្ហា​ពេទ្យប្រចាំការ នៅមន្ទីរបក្សខេត្តប៉ៃលិន មិនគួរនឹងទទួល»។​

គណនីហ្វេសប៊ុក Khem Monykosal បានសរសេរបន្ដថា «មន្ត្រីពេទ្យ​ជាបុគ្គលិក​ស្រី ត្រូវបានបងប្អូន​យើង ដែលកំពុងធ្វើចត្តាឡីស័ក យក​កញ្ចប់​បាយ​មកគប់ចំមុខ។ ពេទ្យ​ប្រចាំការ នៅ​តាមមណ្ឌលចត្តាឡីស័ក ធ្វើការ​សឹង​តែ​មួយរយជំពូកទៅហើយ។ ប៉ុន្ដែពួកគាត់នៅតែទទួល​ការប្រមាថ​បែបនេះទៀត។ បាយមិនឆ្ងាញ់ បាយផ្អូម បាយឆៅ…។ល។… មិនមែន ពេទ្យគួរទទួលខុសត្រូវ​ផ្តាច់មុខអ៊ីចឹងទេ។ ការងារចែកបាយ ​មិនគួរ​មានតែ​ពេទ្យ ជាអ្នករាប់រង​តែឯងនោះដែរ។ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធ គួរតែចូលរួម​ចំណែក​ជួយ មិនមែន​មកអង្គុយលេង Face Book ក្នុងតង់ និងថតរូប​បង្អួត​គេនោះដែរ»។​

ក្រោយពេលមានការបង្ហោះសារខាងលើនេះមក ស្រាប់តែនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញលិខិត សម្រេចបណ្តេញលោក ខឹម មុនីកុសល ចេញពីក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាលជាន់ខ្ពស់ ហើយត្រូវបាន​លោកស្រីអភិបាលខេត្ត លើកហេតុផលថា «ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គង នៅ​ក្នុងវិជ្ជាជីវៈ»​។

ដោយឡែកអ្នកលេងបណ្ដាសង្គមវិញ បានលើកឡើងទាំងហួសចិត្តថា ​គ្រាន់​តែគាត់​បង្ហោះសារ នៅលើគណនីហ្វេសប៊ុករបស់គាត់តែប៉ុណ្ណឹង ហើយ​ត្រូវបាន​លោកស្រីចៅហ្វាយខេត្តប៉ៃលិន សម្រេចបណ្ដេញចេញពី​ក្របខ័ណ្ឌ​មន្ត្រីពេទ្យមែននោះ គឺជារឿងគួរឲ្យអស់សំណើចបំផុត។ ផ្ទុយ​ទៅវិញ ប្រសិនបើករណីបែបនេះកើតឡើងមាន វាជារឿងអយុត្ដិធម៌បំផុត សម្រាប់គាត់ជាគ្រូពេទ្យ ដែលខិតខំគ្រប់បែបយ៉ាង សម្រាប់ការព្យាបាល​អ្នកជំងឺ ហើយករណីបែបនេះ ក៏មិនគួរនឹងកើតមានឡើងនោះដែរ។​

ជាមួយគ្នានេះដែរ ក្រុមអ្នកលេងបណ្ដាញសង្គម បានបង្ហាញហេតុផលតថា អ្វីដែលល្អបំផុត លោកស្រីចៅហ្វាយខេត្តប៉ៃលិន គួរតែមានដំណោះ​ស្រាយផ្សេង ទើបល្អជាងនេះ។ ពោលគឺត្រូវកោះប្រជុំ នៅមណ្ឌល​ចត្តាឡីស័ក ហើយស្វែងរកបញ្ហាទាំងនោះមកដោះស្រាយ ដើម្បីរកផ្លូវល្អ និងយុត្ដិធម៌ សម្រាប់គាត់។

ក្រុមអ្នកលេងបណ្ដាញសង្គម បានបន្ថែមថា ជាការពិតណាស់ គ្រប់កន្លែងធ្វើការទាំងអស់ មិនថា នៅស្ថាប័នរដ្ឋ និងវិស័យឯកជននោះទេ គឺបុគ្គលិក២ពួក តែងមានលក្ខណសម្បត្ដិខុសគ្នា។ អ្នកមានសមត្ថភាព តាមជំនាញការងារ តែងតែមិនសូវចេះអែបអប។ រីឯបុគ្គលិក​មួយប្រភេទ​ទៀត ចូលចិត្តអែបអប ដោយយក​ការងាររបស់អ្នកដទៃ មកធ្វើជា​រាយការណ៍​ប្រាប់មេយកបុងថា ជាការងាររបស់ខ្លួន។ ប៉ុន្ដែប្រសិនបើ​មេមួ​យចំនួនខ្វះការពិចារណា គិតថា អ្នក(អ្នកអែបអប)នេះល្អ។ រីឯអ្នកដឹងតែ​ប្រឹងធ្វើការងារដោយ​ស្មោះ អស់ពីកម្លាំងកាយចិត្ត ហើយមិនចេះអែបអប បែរទៅជាថា អ្នកនោះអត់បានការទៅវិញ។

អ្នកលេងបណ្ដាញសង្គម បានបន្ដថា បើមានអ្វីកើតឡើង គឺត្រូវ​បង្រួមបញ្ហា ហើយលើកយកបញ្ហាមកដាក់លើតុ ហើយនិយាយ ឬដោះស្រាយគ្នា ទើបវា​លែងមានបញ្ហា និង​លើកទឹកចិត្តដល់មន្ត្រីពេទ្យ រួមទាំង​មន្ត្រីពាក់ព័ន្ធគ្រប់​ផ្នែកឲ្យ​ជួយគ្នា បូករួមទាំង​អ្នកធ្វើចត្តាឡីស័កផង ក៏ត្រូវជួយគ្នាផងដែរ​។

បើតាមការលើកឡើង នៅលើគណនីខាងលើ  គឺ​ក្រុមពេទ្យធ្វើការងារច្រើន លើសពី​ការងារពេទ្យ ព្រោះគ្រាន់តែចែកបាយទឹក ក៏​ខាងស៊ីវិល ផ្នែករដ្ឋបាល និងមន្ត្រីធម្មតា ​អាចធ្វើការងារនេះបាន ហើយត្រូវមានការ​ចូលរួមពីក្រុមអ្នកធ្វើចត្តាឡីស័ក ដោយដាក់តុ ហើយឲ្យពួកគាត់ ដើរទៅយក​ក៏បានដែរ។ រី​ឯការបណ្ដេញគ្រូពេទ្យជំនាញបែបនេះ គឺមិនមែនជាជម្រើសដ៏ត្រឹមត្រូវ នៅក្នុងអភិបាលកិច្ចដ៏ល្អនោះទេ។​

ករណីនេះ គួរតែ​មានការបកស្រាយ និងដោះស្រាយ​តាមវិធានការ​ដ៏ប្រសើរណាមួយ ជាជាងការសម្រេចបណ្តេញមន្ត្រីពេទ្យ ចេញពីក្របខ័ណ្ឌ​។ បើសិននៅតែបន្ដធ្វើដូច្នេះមែននោះ តើគ្រូពេទ្យ​នៅមណ្ឌលចត្តាឡីស័ក ឬមន្ទីរបក្សខេត្តប៉ៃលិន ពិតទទួលរងនូវទង្វើអយុត្តិធម៌បំផុត​។

ដោយឡែកគណនីហ្វេសប៊ុក Kimleng Ya បានបង្ហោះសារថា អាណិតលោកប្តីណាស់ គ្រាន់តែសារប៉ុណ្ណឹង ត្រូវគេបណ្តេញចេញពីការងារ។ អយុត្តិធម៌ណាស់!

ទោះជាយ៉ាងណា KBN មិនអាចមានប្រភព សម្រាប់ទាក់ទងសុំការ​បំភ្លឺពីលោកស្រី អភិបាលខេត្តប៉ៃលិន បានទេ នៅថ្ងៃនេះ។ KBN នឹងរង់ចាំផ្សាយ ពីរាល់ភាគីទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋ បានដឹង៕

សូមអានសេចក្ដីសម្រេចទាំងស្រុង ដូចខាងក្រោម៖