(ភ្នំពេញ)៖ ​នៅ​ថ្ងៃ​ទី​១៧​ មីនា ​២០២១​ ខ្មែរ ប៊ែវើរីជីស បាន​បន្ត​​​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ កម្ពុជា ចំនួន​៣០០កេស​ និង​ភេសជ្ជៈប៉ូវ​កម្លាំង​ Wurkz​ ​៦០​កេស ​​ជូនដល់អធិការដ្ឋាននគរបាល​ចំនួន​៣ផ្សេង​ទៀត ក្នុងរាជធានីភ្នំពេញ រួមមាន អធិការដ្ឋាននគរបាលខណ្ឌ៧មករា អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

 អធិការ​​នគរបាល​ខណ្ឌ​៧​មករា​ លោក​វរសេនីយ៍ឯក នេត ស៊ីថុន បានថ្លែងថា៖ «យើងពិតជាមានក្ដីរំភើប​ខ្លាំងណាស់ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានគិតគូរដល់កងកម្លាំងយើង ដែលកំពុងឈរជើងប្រចាំការ​២៤ម៉ោងនៅតាមទិសដៅនីមួយៗ ក្នុងស្ថានការណ៍ដ៏តានតឹងនេះ»។

លោក​​បណ្ឌិត​ អ៊ឹម សុធារិទ្ធ ​នាយក​​​ទំនាក់​​ទំនង​​​សាធារណៈ​​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​មាន​​ប្រសាសន៍ថា៖ «​​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស​ ដែល​ជា​ក្រុមហ៊ុនឯកជនមួយបង្កើត​ឡើង​ដោយ​កូនខ្មែរ ពិតជាមានមោទនភាពណាស់ ដែល​បានចូលរួមឧបត្ថម្ភ​ទឹក​បរិសុទ្ធ និង​ភេសជ្ជៈ​ផ្សេងៗតាម​រយៈយុទ្ធនាការ​សប្បុរសធម៌​​ «ទឹកចិត្តកម្ពុជា» ជាបន្តបន្ទាប់មកនេះ។ យើងសង្ឃឹមថា ទឹកចិត្តក្នុងការចូលរួមនេះ អាចសម្រាល​ភាព​នឿយហត់បាន​មួយ​ចំនួន​របស់​កង​កម្លាំង​តាមខណ្ឌនីមួយៗក្នុងការបំពេញបេសកកម្មដ៏លំបាកនេះ»៕