(ភ្នំពេញ)៖ ​យុទ្ធនាការបរិច្ចាគទឹក​​បរិសុទ្ធ​រាប់ម៉ឺនកេសរបស់ ខ្មែរ ប៊ែវើរីជីស នៅ​ថ្ងៃ​ទី​១៦​ មីនា ​២០២១​ បាន​​បន្តឧបត្ថម្ភ​​ទឹក​​បរិសុទ្ធ កម្ពុជា ​៣០០​កេស និង​ភេសជ្ជៈប៉ូវ​កម្លាំង​​ Wurkz ​៦០​កេស ​​​ជូន​​​អធិការដ្ឋាន​នគរបាលខណ្ឌ​ចំការមន អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។​​

​​ការ​ឧបត្ថម្ភ​​ទឹក​​បរិសុទ្ធ ​កម្ពុជា និង​ភេសជ្ជៈប៉ូវ​កម្លាំង​ Wurkz​ របស់​យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដល់​អធិការ​ដ្ឋាន​នគរ​បាលខណ្ឌមួយ​​ចំនួន​ គឺដើម្បី​លើក​ទឹក​ចិត្ត​ដល់​​​មន្ត្រី​​នគរបាល និងអាជ្ញាធរ​ក្នុង​តំបន់ ដែល​កំពុង​​ចុះ​បំពេញ​​បេសកកម្មនៅតាមមណ្ឌល​ចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ​-១៩ មណ្ឌល​ធ្វើ​ចត្តាឡីស័ក និង​មណ្ឌល​​​សម្រាក​​​ព្យាបាល​ជំងឺ​កូវីដ​-១៩​ផង​​ដែរ​។

លោក​​បណ្ឌិត​ អ៊ឹម សុធារិទ្ធ ​នាយក​​​ទំនាក់​​ទំនង​​​សាធារណៈ​​​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស ​មាន​​ប្រសាសន៍ថា៖ «យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅតែបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈផ្សេងៗ​ដល់​ស្ថាប័ន​​ជា​ច្រើន​ទៀត​​​ ដែលមានមន្ត្រីរាជការ និង​បុគ្គលិក​​ កំពុងបំពេញបេសកកម្មក្នុងស្ថានការណ៍ដ៏លំបាកនេះ។ នេះជាទឹកចិត្តបន្តិចបន្តួចរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនមួយបង្កើតឡើងដោយកូនខ្មែរ ហើយតែងតែត្រៀមខ្លួនក្នុងការជួយពលរដ្ឋ​ខ្មែរ​ជា​និច្ច​»៕