ខេត្តតាកែវ ៖ បុរសជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី បានមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ជាមួយប្រពន្ធកូន កាលពីយប់ថ្ងៃទី១៣មីនា លុះពេលមានអាការមិនស្រួលខ្លួន ហើយក្រុមគ្រូពេទ្យចុះយកសំណាកពិនិត្យ គឺលទ្ធផលមានវិជ្ជមានជំងឺកូវីដ-១៩។

លោកកេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា បុរសបានឆ្លងជំងឺកូវីដនេះ មានឈ្មោះ សន អ៊ុយ អាយុ៣២ឆ្នាំ ជាបបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី បានមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៣មីនា ។ បន្ទាប់ពីសមត្ថកិច្ច និងមន្ត្រីពេទ្យចុះពិនិត្យសុខភាពឃើញមានកម្តៅឡើងខ្ពស់ នៅព្រឹកថ្ងៃទី១៤ បុរសរូបនេះ និងគ្រួសារ (ប្រពន្ធ និងកូន២នាក់) រដ្ឋបាលស្រុកនិងមន្ទីពេទ្យបង្អែកបាទី បានដឹកយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ រហូតមកដល់រាត្រីថ្ងៃទី១៦ មីនា នេះ លទ្ធផលសំណាកបុរសម្នាក់នេះមានរោគសញ្ញាវិជ្ជមានកូវីដ១៩។

បច្ចុប្បន្នបុរសម្នាក់នេះកំពុងដាក់សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ រីឯភរិយានិងកូន កំពុងដាក់បន្តធ្វើចត្តាឡីស័កនៅសណ្ឋាគាសេវេនដេ ក្នុងខេត្តតាកែវ ៕