រាជធានីភ្នំពេញៈ តារាចម្រៀង លោក បញ្ញា សិទ្ធ បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា លោកមានវិជ្ជមាន​ នៃកូវីដ-១៩ ហើយលោកត្រូវបាន​ក្រុមគ្រូពេទ្យយករថយន្ដមក​ដឹក​​លោក បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី​ព្យាបាល កាលពីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។​

លោក បញ្ញា សិទ្ធ បានសរសេរសារនៅលើគណនីរបស់លោកថា «សួ​ស្តីបងប្អូនទាំងអស់គ្នា! ខ្ញុំបាទ បញ្ញាសិទ្ធ ថ្ងៃនេះ នាវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានទទួលលទ្ធផលហើយ គឺមានវិជ្ជមាន នៃកូវីដ-១៩ សូមបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពផង»។ ទោះជាយ៉ាងណា លោក បញ្ញា សិទ្ធ មិនបានបញ្ជាក់​ថា លោកបានឆ្លងកូវីដ-១៩ ពីអ្នកណាមកនោះដែរ។

គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានអ្នកសិល្បៈខ្មែរជាច្រើនរូប បានឆ្លងកូវីដ-១៩។ អ្នកទាំងនោះ រួមមាន លោក ទីតូ អ្នកដឹកនាំសម្តែង​, ពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ និសា, លោក Eco Vak Song (សុង វណ្ណា) ​ជាផលិតករ និងជាអ្នកដឹកនាំម្នាក់របស់ហង្សមាស, លោក វ៉ែន វណ្ណា (លី ស៉ីនហួន) អ្នកនិពន្ធ និងដឹកនាំការថតចម្រៀង, តារាកំប្លែង សេង ចិន្តា (ស្រីអ៊ីត), លោក ចាន់ មករា អតីតអ្នកដឹកនាំសម្តែង, ក្រុមរាំរបស់ អ្នកនាងសុគន្ធ និសា និងលោក សាន សុវណ្ណឌីន គ្រូភ្លេងនៅហង្សមាស ហើយពេលនេះគឺតារាចម្រៀង លោក បញ្ញា សិទ្ធ៕