រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញ អ្នកដឹកនាំសម្ដែង និងនិពន្ធ នៅផលិកម្មរស្មីហង្សមាស គឺ លោកលី ស៊ីនហួន បង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា « ខ្ញុំបាទបានតេស្តកូវីដ លទ្ធផលគឺវិជ្ជមាន អាការជាសញ្ញា តឹងច្រមុះ ឈឺហួលគ្រាប់ភ្នែក ចុករោយឆ្អឹងខ្នង ក្តៅខ្លួនតែរងា។ ជំងឺនេះវាខុសពីផ្តាសាយធំត្រង់ចុកឆ្អឹងខ្នងខ្លាំង ហើយក្តៅត្រជាក់ ត្រជាក់ក្តៅ វិលមុខអស់កម្លាំង។ ដូច្នេះសូមបងប្អូនត្រូវការពារ និងប្រុងប្រយ័ត្នបានខ្ពស់ បើមានឱកាសចាក់វ៉ាក់សាំងចាក់ទៅ កុំទៅជឿពួកញុះញង់ឲ្យសោះ។ សូមអរគុណមេ នៅហង្សមាស និងអ្នកគ្រូពេទ្យ ជាពិសេសសម្តេចតេជោ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខកូនចៅ។ ជាចុងក្រោយនេះ សូមបងប្អូនមីងមាពុកម៉ែកុំភ្លេចពាក្យ ៣កុំ និង៣ការពារ ៕ ពីខ្ញុំបាទលី ស៊ីនហួន»។

សូមបញ្ជាក់ថា អ្នកសិល្បៈ នៅក្នុងទ្រនំហង្សមាសមួយចំនួន មានដូចជា ពិធីការិនីអ្នកនាង ចាន់ កែវនិមល និងស្វាមីព្រមទាំងកូនស្រីអាយុ១០ឆ្នាំ, លោក ណុប បាយ៉ារិទ្ធ , កញ្ញា វី ឌីណែត ព្រមទាំងម្តាយ, អ្នកនាង សុគន្ធ និសា, អ្នកដឹកនាំសម្តែងលោក អ៊ិន ទីតូ , លោកគ្រូភ្លេង សាន់ សុវណ្ណឌីន, អ្នកដឹកនាំរឿង លោក សុង វណ្ណា (Eco VaK Song) បានឆ្លងជំងឺកូវីដ-១៩ ហើយពេលនេះ គឺអ្នកដឹកនាំសម្តែង និងនិពន្ធ លោក លី ស៊ីនហួន ក៏មានវិជ្ជមានកូវីដ-១៩ នេះផងដែរ៕