ខេត្តកំពត៖ ជនជាតិចិនម្នាក់ ​បានដើរអុកឡុក ​និងបង្កការភ័យខ្លាចដល់អ្នកដំណើរ ហើយថែមទាំងដើរវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រាយការណ៍ទៅសមត្ថកិច្ច នាំគ្នាស្វែងរកចាប់ខ្លួន។​

មន្ត្រីការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តកំពត បានឲ្យថា សមត្ថកិច្ចបានទទូលសេចក្ដីរាយការណ៍​ពីប្រជាពល​រដ្ឋ​អំពី​សកម្មភាពរបស់បុរសចិនម្នាក់ បង្កការអុកឡុក វាយ​បំផ្លាញ​​ទ្រព្យសម្បត្ដិ​សាធារណៈ។ បើតាម​រូបថតដែលប្រជាពលរដ្ឋផ្ញើមកនោះ គឺ បុរសជា​ជន​ជាតិចិនម្នាក់នោះ កន្លងមក សមត្ថកិច្ចធ្លាប់ហៅមកសួរនាំ និងអប់រំម្តង​រួចមក​ហើយ។ បើតាមការពិតមើល បុរសជនជាតិចិនម្នាក់នោះ មានសតិ​មិនប្រក្រតី។

សមត្ថកិច្ចដដែល បានបន្ដថា ក្រោយពេលអប់រំរួច សមត្ថកិច្ច​ក៏បាន​ដោះ​លែង​​​ជនជាតិចិនម្នាក់នោះវិញ ហើយក៏មិនបាន​ដឹងថាដើរទៅណាបាត់ដែរ។ ប៉ុន្ដែស្រាប់តែពេលនេះ ប្រជាពលរដ្ឋបានរាយការណ៍មកថា ឃើញមក​គេធ្វើសកម្មភាព​ដូចមុនទៀត។ លុះពេលសមត្ថកិច្ច​ចុះទៅដល់​កន្លែង​កើតហេតុ ជននោះបានទៅបាត់ ហើយនៅពេល​នេះសមត្ថកិច្ច​កំពុង​តាមស្វែងរក ដើម្បីចាប់បញ្ជូនមកកាន់នាយកដ្ឋានចាត់ការបន្ត។

ជាមួយគ្នានេះមន្រ្ដីការិយាល័យនគរបាលអន្ដោប្រវេសន៍ខេត្ត បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើប្រទះឃើញជនម្នាក់នោះ នៅ​កន្លែង​ណា សូមប្រញាប់រាយការណ៍ ជូនសមត្ថកិច្ចដែលនៅក្បែរ ឱ្យបានលឿន​បំផុត ដើម្បីចុះទៅចាប់ខ្លួនគេ នាំមកចាត់ការតាមនីតិវិធី៕