រាជធានីភ្នំពេញ៖ ពិធីការិនីរបស់ហង្សមាសម្នាក់ អ្នកនាង ប៉ែន ស្រីពេជ្រ ទើបនឹងរៀបការថ្មោងថ្មី បានចេញមុខប្រកាស តាមបណ្ដាញសង្គមហ្វេសប៊ុករបស់នាង នៅព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ​ស្វាមីរបស់នាងបានទទួលលទ្ធផលពីការធ្វើតេស្ដ រកឃើញវិជ្ជមាន នៃកូវីដ១៩។

ពិធីការិនី ប៉ែន ស្រីពេជ្រ បានសរសេរ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់នាងថា ​«សូមជម្រាបសួរបងប្អូនទាំងអស់គ្នា! នាងខ្ញុំ ប៉ែន ស្រីពេជ្រ ​ត្រូវជាភរិយារបស់លោក ឆេង ពន្លក នេត្រា។ នៅពេលនេះ នាងខ្ញុំ និងស្វាមី បានធ្វើតេស្ដ ស្វែងរកមេរោគកូវីដ​-១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ រីឯ​លទ្ធផល បានបង្ហាញថា ​ស្វាមីរបស់នាងខ្ញុំ មានលទ្ធផល វិជ្ជមាន  ហើយត្រូវបានមន្រ្ដីជំនាញបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី​ព្យាបាលរួចរាល់ហើយ កាលពីយប់មិញនេះ»។

ពិធីការិនី ប៉ែន ស្រីពេជ្រ បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ (ព្រឹក ថ្ងៃទី១២ ខែមីនា)​ នាងខ្ញុំនៅមិនទាន់ទទួល​បានលទ្ធផលធ្វើតេស្ដនោះនៅឡើយ។  នាងខ្ញុំកំពុងតែរង់ចាំលទ្ធផលនេះ ហើយ​កំពុងតែបន្ត​ធ្វើចត្តាឡីស័ក នៅក្នុងផ្ទះ រយៈពេល១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាព។ ជាមួយគ្នានេះ នាងខ្ញុំ និងងស្វាមី សូមថ្លែងអំណរ​គុណដល់បងប្អូនទាំងអស់ ដែលសួរសុខទុក្ខរបស់ពួកខ្ញុំ»។

ក្រោយពេលពិធីការិនី ប៉ែន ស្រីពេជ្រ ប្រកាសអំពីស្វាមីរបស់នាងឆ្លងកូវីដ១៩បែបនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការរំជួលចិត្ត និងកាន់តែមានការសង័្សយថា នាងអាចនឹងឆ្លងកូវីដ១៩ពីប្ដីរបស់នាង។

ទោះជាយ៉ាងណា រហូត មកទល់ពេលនេះ​ តារាចម្រៀងទាំងអស់ និងបុគ្គលិកមួយចំនួន នៅក្នុងក្រុមហ៊ុនហង្សមាស បាននាំគ្នាយកសំណាកទៅធ្វើតេស្ត​ស្វែងរកកូវីដ១៩អស់ហើយ​។ ជាមួយគ្នានេះ អ្នកគាំទ្រ និងមហាជននៅតែបន្ដជូនពរឲ្យហង្សមាស និង តារាហង្សមាស ​សុខសប្បាយរួចចាកផុតពីមេរោគសាហាវនេះ។ សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅក្នុងក្រុមហ៊ុនហង្សមាស មានតារា និងពិធីករល្បីៗជាច្រើនរូបបានឆ្លងកូវីដ១៩។ តារាល្បីៗឆ្លងកូវីដទាំងនោះ រួមមាន អ្នកនាង ចាន់ កែវនិមល, លោក ណុ ប បាយ៉ារិទ្ឋ, អ្នកនាង សុគន្ឋ និសា, កញ្ញា វី ឌីណែត និង បងថ្លៃ ឱក សុគន្ធ កញ្ញា ជាដើម ។ ដោយឡែកអ្នក​តេស្តរកឃើញអវិជ្ជមានពីកូវីដ១៩នោះ រួមមាន លោក ឆន សុវណ្ណរាជ, អ្នកនាង សុខ ស្រីនាង , សួស វិហ្សា និង ឈិន ម៉ានិច្ច ៕