រាជធានីភ្នំពេញ៖ ក្រោយពេលតារាចម្រៀងជាច្រើនរូបរបស់ហង្សមាស បានធ្វើតេស្ដ រកឃើញឆ្លងកូវីដ១៩ ជាបន្ដបន្ទាប់នោះមក ធ្វើឲ្យគេគិតថា ឱក សុគន្ធកញ្ញា ពិតជាឆ្លងកូវីដ១៩។ ប៉ុន្ដែនៅពេលនេះ លទ្ធផលធ្វើតេស្ដ បានបង្ហាញថា នាងមិនបានឆ្លងកូវីដ១៩នោះទេ ហើយនេះក៏ជាដំណឹងដ៏​គួរឲ្យរីក​រាយមួយ សម្រាប់អ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ។

កាលពីប៉ុន្មានថ្ងៃមុនេះ តារាចម្រៀងល្បីល្បីៗរបស់ផលិតកម្មហង្សមាស ជាច្រើននាក់ រួមមាន លោក ណុប ប៉ាយ៉ារិទ្ធ, តារាស្រី សុគន្ធ និសា និងកញ្ញា វី ឌីណែត កូនស្រីរបស់តារាចម្រៀងជើងចាស់ លោក ហូ ឡាវី ត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមាន នៃកូវីដ១៩ ជាបន្ដបន្ទាប់។ ករណីនេះ ធ្វើឲ្យតារាស្រី ឱក សុគន្ធកញ្ញា ក៏ដូចជា អ្នកគាំទ្ររបស់នាង រង់ចាំយ៉ាង​អន្ទះសា អំពីលទ្ធផល នៃការធ្វើតេស្ដ ស្វែងរកមេរោគដ៏កំណាចនេះ។ ប៉ុន្តែ​រហូតមកដល់ពេលនេះ លទ្ធផលបានបង្ហាញថា នាងមានអវិជ្ជមាន នៃវីរុសកូរ៉ូណា ហៅកាត់ «កូវីដ១៩»។​

តារាចម្រៀងស្រីដ៏ល្បីល្បាញ ឱក សុគន្ធកញ្ញា បាន​បង្ហោះសារ នៅក្នុង​គណនី​បណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង​ នៅថ្ងៃនេះថា « ជម្រាបសួរ និងសូមអរគុណជាថ្មីម្តងទៀត ចំពោះការជូនពរពីបងប្អូន។ ​សម្រាប់នាងខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងបុត្រ បានចូលរួមធ្វើតេស្ត លើកទី១ ដើម្បីស្វែងរកមេរោគជំងឺកូវីដ១៩។ ប៉ុន្ដែនៅពេលនេះ នាងខ្ញុំបានទទួលលទ្ធផលរួចហើយ គឺ អវិជ្ជមាន (Negative) នៃកូវីដ១៩។

ឱក សុគន្ធកញ្ញា បានបញ្ជាក់ទៀតថា បើទោះជាយ៉ាងនេះក្ដី នៅ​ក្នុងអំឡុង​ពេលនេះ នាងខ្ញុំ និងក្រុមគ្រួសារ ក៏កំពុងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ហើយបន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី២ ​តាមការ​ណែនាំរបស់ក្រសួងសុខាភិបាល បន្ដទៀត។ នាងបានសម្ដែងអំណរគុណ​ចំពោះ​អ្នកស្រលាញ់ គាំទ្រនាង​ទាំងអស់គ្នា ដែលបានបារម្ភ និងសួរសុខទុក្ខ​ជាច្រើនដែលនាងខ្ញុំមិនបានឆ្លើយតប​ទាំងអស់គ្នា។

ជាមួយគ្នានេះដែរ ឱក សុគន្ធកញ្ញា បានផ្ញើសារជូនពរដល់មិត្តភក្ដិ បងប្អូន ដែលកំពុងសម្រាកព្យាបាល សូមឲ្យទទួលបានសុខភាពល្អ រឹងមាំឡើងវិញ ក្នុងពេលដ៏ឆាប់ៗនេះ និងសូមបងប្អូនទាំងអស់គ្នា រក្សាជំហរជម្នះឲ្យបាន ហើយហង្សមាសត្រូវតែរឹងមាំ។ សូមប្រុងប្រយ័ត្ន​នឹងបន្តការពារ ថែទាំសុខភាព ឲ្យកាន់តែខ្លាំងបន្ថែមទៀត ចំពោះកូវីដ១៩នេះ « ៣កុំ ៣កាពារ»៕