ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីម្នាក់ដែលបានដាក់ថ្នាំបំពុលសម្លាប់ប្តីព្រោះតែប្តីរូបនោះពូកែប្រើអំពើហិង្សាមកលើខ្លួនពេក។ករណីនេះបានកើតឡើងនៅភូមិក្ងោកឃុំគគីរស្រុកមេមត់កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

សមត្ថកិច្ចអាវុធហត្ថបានឱ្យដឹងថាបុរសជាប្តីឈ្មោះថនឃីមអាយុ៣៦ឆ្នាំប្រពន្ធឈ្មោះឡាយសាលឹមអាយុ៤៦ឆ្នាំមានទីលំនៅភូមិកើតហេតុខាងលើ។បុរសជាប្តីដែលពូកែខាងប្រើអំពើហិង្សាក្នុងគ្រួសារនិងញៀនស្រាជាប្រចាំធ្វើឱ្យស្រ្តីជាប្រពន្ធទ្រាំមិនបានក៏បានដាក់ថ្នាំបំពុលក្នុងស្រាបណ្តាលឱ្យស្លាប់ចំណែកប្រពន្ធត្រូវបានចាប់ខ្លួនបញ្ជួនទៅតុលាការចាត់ការតាមច្បាប់។

មន្រ្តីអាវុធហត្ថបានបន្តថាក្រោយកើតហេតុសមត្ថកិច្ចចុះដល់ផ្ទះកើតហេតុបានពិនិត្យឃើញបុរសជាជនរងគ្រោះមានបែកពពុះទឹកមាត់ដែលនាំឱ្យមានការសង្ស័យពុលថ្នាំនិងពុំមានស្នាកស្នាមអ្វីផ្សេងឡើយ។ប្រភពដដែលបានបន្តថា៖ដោយមានការសង្ស័យលើស្រ្តីជាប្រពន្ធគឺខាងជំនាញបានឃាត់ខ្លួនយកមកសាកសួរ។ ឈ្មោះ ឡាយ សាលឹម បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់បុរសឈ្មោះ ថន ឃីម ជាប្តីប្រាកដមែន គឺដាក់ថ្នាំបំពុលក្នុងស្រា។ ស្ត្រីជាប្រពន្ធបានបន្តថាដោយសារប្តីម្នាក់នេះជាមនុស្សញៀនស្រានិងបង្កហិង្សាមកលើខ្លួនជាញឹកញាប់៕