រាជធានីភ្នំពេញ៖ រហូតមកដល់ពេនេះ តារាចម្រៀង វី ឌីណែត កូនស្រីរបស់តារាចម្រៀងជើងចាស់ លោក ហូ ឡាវី បានរកឃើញឆ្លងកូវីដ១៩ កាលពីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

កញ្ញា វី ឌីណែត បញ្ជាក់ថា «មុននេះ នាងទទួលបានលទ្ធផល នៃការធ្វើតេស្ដហើយ គឺមានវិជ្ជមានកូវីដ១៩។ ដូច្នេះនាងសំណូមពរដល់អ្នកមានការពាក់ព័ន្ធនឹង​នាង ដោយផ្ទាល់ សូមមេត្តាទៅធ្វើតេស្ត ស្វែងរកមេរោគកូវីដ១៩ទាំងអស់គ្នា។ ជាមួយគ្នានេះដែរ នាងក៏សូមអធ្យាស្រ័យ ចំពោះបងប្អូនទាំងអស់ផងដែរ»។

ក្រោយពេលតារាចម្រៀងស្រីល្បីឈ្មោះ ជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់ លោក ហួ ឡាវី គឺកញ្ញា វី ឌីណែត បានឆ្លងកូវីដ១៩ បន្ទាប់ពីមានតារាជាច្រើនទៀតឆ្លងជំងឺកូវីដ១៩។ កញ្ញា វី ឌីណែត បាន​បញ្ជាក់​ កាលពីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅលើគណនី​ហ្វេសប៊ុកផ្លូវការផ្ទាល់របស់នាង ដែលជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស​។ ​តារាចម្រៀងរូបនេះបានចេញមុខបញ្ជាក់ថា នាងមានវិជ្ជមានកូវីដ១៩ បន្ទាប់ពីពិធីការិនី អ្នកនាង ចាន់ កែវនិមល ​​ប្ដី និងកូនរបស់នាង ហើយលោក ណុបបាយ៉ារិទ្ធិ ​ត្រូវបានប្រកាសពីការឆ្លងកូវីដ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ។

បើតាមប្រភពព័ត៌មាន​ក្រៅផ្លូវការ បានបញ្ជាក់ថា ក្រៅពីតារាខាងលើនេះ អាចនៅមានតារាចម្រៀងមួយចំនួនទៀត រកឃើញវិជ្ជមាន នៃជំងឺដ៏កាចសាហាវ​នេះផងដែរ ខណៈ​តារាខ្លះនៅមិនទាន់បានប្រកាសជាចំហនៅឡើយ។ ករណីនេះធ្វើឲ្យមានការព្រួយបារម្ភថា ​​មានសិល្បករ សិល្បការិនី ​ជាច្រើនទៀត មានទំនាក់ទំនងដោយផ្ទាល់ និងប្រយោលជាមួយនឹងសិល្បករទូរទស្សន៍ហង្សមាស ដោយមានរួមទាំងការថតបទចម្រៀងរួមគ្នាជាមួយសិល្បករក្នុងផលិតកម្មដែលមានឆ្លងកូវីដ១៩ កាលពីពេលកន្លងមកនេះ។ ​

សូមជម្រាបថា គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១​ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១១២៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន ៥៤៩នាក់ និងអ្នកជំងឺចំនួន៥៧៤នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ៕