រាជធានីភ្នំពេញ៖ ​តារាចម្រៀងដ៏ល្បីល្បាញ សុគន្ធ និសា បានប្រកាសថា​ នាងមានវិជ្ជមាន នៃកូវីដ១៩ ហើយត្រូវបានមន្រ្ដីជំនាញ មកនាំនាងទៅសម្រាកព្យាបាល។

ការប្រកាសរបស់ សុគន្ធ និសា បានកើតឡើង ក្រោយ​តារាចម្រៀងប្រុសស្រី ពិធីការិនី និងបុគ្គលិកប្រុសស្រី នៅក្នុងស្ថានីយទូរទស្សន៍ និងផលិតកម្មហង្សមាសមួយចំនួន បានប្រកាសកា​លពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ និងព្រឹកមិញនេះថា មានផ្ទុកកូវីដ១៩។

សុគន និសា បានបញ្ជាក់នៅលើគណនី​ហ្វេសប៊ុកផ្លូវការរបស់នាង ថា «នាងខ្ញុំ សុគន្ធ និសា (sokunnisa ) បានធ្វើតេស្ដ​កូវីដ១៩ ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា ខ្ញុំបាន មានវិជ្ជមាន គឺមានមេរោគនេះហើយ។ អ៊ីចឹងសូមបងប្អូនទាំងអស់គ្នា មានការប្រុងប្រយ័ត្នឲ្យ​បានខ្ពស់បំផុត ដើម្បីសុវត្ថិភាពខ្លួនឯង និង​ក្រុមគ្រួសារ។ សូមជូនពរឲ្យបងប្អូនទាំងអស់ ឆ្លងផុតពីជំងឺនេះ។

សុគន្ធ និសា បានបន្ដថា សូមទោសបងប្អូន ដែលខ្ញុំអត់បានឆ្លើយតប អធ្យាស្រ័យផងណាបងប្អូន។ ក្នុងចំណោមអ្នកផ្ទះខ្ញុំ ចំនួន៧នាក់ដែលបានធ្វើតេស្ត ដោយក្រុម​គ្រូ​ពេទ្យជំនាញ គឺមាន កើតតែខ្ញុំម្នាក់តែប៉ុណ្ណោះ ហើយអ្នកផ្ទះខ្ញុំអត់មានកើតទេ។ ប៉ុន្ដែពួកគាត់​ត្រូវធ្វើចត្ដាឡីស័ក រយៈពេល​១៤ថ្ងៃ ហើយខាងផ្ទះម្តាយខ្ញុំ គឺអត់ពាក់ព័ន្ធឡើយ ។

សូមជម្រាបថា គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១​ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១១២៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន ៥៤៩នាក់ និងអ្នកជំងឺចំនួន៥៧៤នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ៕